កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុនរថយន្តអគ្គិសនី Rivian Automative បានប្រារព្ធកម្មវិធីពិសេសមួយនៅ San Francisco Bay Area។ ក្នុងឱកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក R.J. Scaringe បានឆ្លើយសំនួរជាច្រើនរបស់អ្នកដែលចូលរួម។
អ្វីដែលគេចាប់អារម្មណ៍ជាងគេ ទាក់ទងនឹងតម្លៃរបស់រថយន្ត Rivian R1T ដែលជារថយន្តភីកអាប់អគ្គិសនី និងរថយន្ត Rivian R1S ដែលជារថយន្ត SUV អគ្គិសនីកៅអីបីជួរ។
តាមការចុះផ្សាយដោយ Reuters លោក Scaringe បានលើកឡើងអំពីតម្លៃរបស់ R1T ដែលមានចាប់ពី ៦៩ ០០០ ដុល្លារ និង R1S មានតម្លៃចាប់ពី ៧២ ០០០ ដុល្លារ។ យ៉ាងណាក្ដីតម្លៃនេះមិនមែនសម្រាប់ប្រភេទ Base នោះទេ ប៉ុន្តែសម្រាប់ប្រភេទ Option ខ្ពស់ដែលមានអាគុយធំ អាចជិះបានចម្ងាយប្រមាណ ៣០០ ម៉ាយ និងផ្ទាំងដំបូលកញ្ចក់អាចប្ដូរពណ៌ពីខៀវទៅថ្លា។
ត្បិតថា Scaringe មិនបានប្រាប់អំពីតួលេខកុម្ម៉ង់ទិញនៃរថយន្តរបស់ខ្លួន ប៉ុន្តែលោកប្រាប់ថាក្រុមហ៊ុនសប្បាយចិត្តដែលមានមនុស្សជាច្រើនចាប់អារម្មណ៍នឹងរថយន្តនេះ ហើយលោកព្រួយបារម្ភថាអ្នកទិញនឹងត្រូវរង់ចាំយូរ៕