រថយន្ត Hyundai Santa Cruz ដែលនឹងជារថយន្តភីកអាប់ដំបូងរបស់ក្រុមហ៊ុន ត្រូវបានប្រទះឃើញបើកបរសាកល្បងជាលើកដំបូងនៅជិតតំបន់ប៉ូលទឹកកក។
រថយន្ត Santa Cruz មានរូបរាងដូចគ្នានឹងភីកអាប់ដទៃទៀតដែរ ហើយមានបិទបាំងមុខមាត់យ៉ាងជិត ដើម្បីលាក់បាំងការឌីហ្សាញរបស់វា។ អ្វីដែលគេអាចឃើញពីភាពខុសគ្នារវាងរថយន្ត Concept និងរថយន្តនេះ គឺថាវាមានទ្វារបួន មិនមែនទ្វារពីរដូចប្រភេទ Concept ឡើយ។
ផ្នែកខ្លះនៃរថយន្តអាចនឹងដូចគ្នានឹងប្រភេទ Concept ប៉ុន្តែគេបានឃើញអំពីអំពូលភ្លើងខាងមុខប្រភេទភ្លោះ ដែលនេះដូចគ្នានឹងរថយន្ត Hyundai ម៉ូដែលដទៃទៀតកំពុងមានលើទីផ្សារ។
Hyundai ធ្លាប់បញ្ជាក់ថារថយន្ត Santa Cruz នឹងផលិតនៅរោងចក្រក្នុងទីក្រុង Montgomery រដ្ឋ Alabama ចាប់ពីឆ្នាំ ២០២១ ដែលនាំឲ្យគេសង្ស័យថាវាអាចនឹងប្រើគ្រោងឆ្អឹងរបស់ Santa Fe។ បើបែបនេះមែន វានឹងមានជម្រើសម៉ាស៊ីន ៤ ស៊ីឡាំងចំនួនពីរប្រភេទ គឺអាចមានម៉ាស៊ីនចំណុះ ២,៤ លីត្រកម្លាំង ១៨៥ សេះ និងម៉ាស៊ីន Turbocharged ចំណុះ ២,០ លីត្រ កម្លាំង ២៣៥ សេះ៕