រថយន្ត Amarok ជំនាន់ថ្មីរបស់ Volkswagen ដែលមានការផ្លាស់ប្ដូររូបរាងថ្មីៗជាច្រើនចំណុច នឹងត្រូវបញ្ចេញលក់លើទីផ្សារនាអំឡុងឆ្នាំ ២០២២ ដោយមិនមានជម្រើសម៉ាស៊ីនដែលជំនួយដោយថាមពលអគ្គិសនីនោះទេ។
តាមការបញ្ជាក់របស់នាយកប្រតិបត្តិ VW លោក Ralf Branstatter ក្នុងអំឡុងកម្មវិធី Frankfurt Motor Show បានឲ្យដឹងថា ក្រុមហ៊ុនគ្មានគម្រោងលើការបន្ថែមជម្រើសម៉ាស៊ីនលើ Amarok នៅឡើយទេ។ លោកបានលើកឡើងថា ៖ “ខណៈពេលនេះ រថយន្តប្រភេទនេះ (Amarok) នៅមិនទាន់មានផែនការប្រើថាមពលអគ្គិសនីនៅឡើយទេ”។
រថយន្ត Amarok ជំនាន់ថ្មីមានប្រើប្រាស់គ្រោងឆ្អឹង និងបច្ចេកវិទ្យាដូចនឹង Ford Ranger ជំនាន់បន្ទាប់ដែរ ហើយវាអាចមានជម្រើសម៉ាស៊ីនម៉ាស៊ូត ៦ ស៊ីឡាំង និងជម្រើសម៉ាស៊ីនសាំងធម្មតាផងដែរ៕