រថយន្តម៉ូដែល Bufori CS បានបង្ហាញមុខជាលើកដំបូងនៅប្រទេសម៉ាឡេស៊ី ដែលនេះត្រូវបានគេចាត់ទុកថាជារថយន្ត Supercar ដំបូងគេរបស់ម៉ាឡេស៊ី ហើយក៏ដំបូងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។
រថយន្ត Bufori CS ស៊េរីខ្ពស់ជាងគេ មានបំពាក់ម៉ាស៊ីន ៨ ស៊ីឡាំង បង្កើតកម្លាំងបាន ៧៥០ សេះ។ តាមគម្រោងការ រថយន្តនេះនឹងត្រូវបញ្ចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខនេះ។ រថយន្តនេះមានរចនាបថទាក់ទាញគួរសម ដោយផ្នែកខាងក្រោយស្រដៀងនឹង BMW Z4 និង Toyota Supra។
យ៉ាន់រថយន្តមានទំហំ ១៩ អ៊ីញ ជាប្រភេទ Alloy មានប្រើប្រាស់នូវដុំហ្វ្រាំងម៉ាក Brembo។ រថយន្ត Bufori CS មានប្រវែង ៤៥៥៥ ម.ម ទទឹង ១៩៥០ ម.ម និងពីកង់មុខទៅកង់ក្រោយមានប្រវែង ២៦២០ ម.ម។ ត្បិតថាផ្នែកខាងមុខរាងលយវែងបន្តិច ប៉ុន្តែផ្នែកខាងក្នុង Bufori CS មានលក្ខណៈតូចចង្អៀតបន្តិច។ ផ្នែកខាងមុខមានបំពាក់ដោយកៅអីអង្គុយបែបប្រណាំង Sabelt CF, មានអេក្រង់ទំហំ ៧ អ៊ីញ និងមានប៊ូតុងបញ្ជាច្រើនលើចង្កូត។
ម៉ាស៊ីនដែលបំពាក់លើរថយន្តនេះគឺបានមកពីក្រុមហ៊ុន Fiat Chrysler។ ចំពោះប្រភេទ CS Standard គឺបំពាក់ម៉ាស៊ីន ៦ ស៊ីឡាំង ចំណុះ ៣,៦ លីត្រ កម្លាំង ៣២០ សេះ។ ចំណែកប្រភេទកប់ Bufori CS8 វិញ មានបំពាក់ម៉ាស៊ីន ៦,៤ លីត្រ ៨ ស៊ីឡាំង Supercharged ដែលផលិតកម្លាំងបាន ៧៥០ សេះ អាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៣,៥ វិនាទី និងល្បឿនអតិបរមា ៣២០ គ.ម/ម៉។