ថ្មីៗនេះគេបានប្រទះឃើញរថយន្តកំពូលល្បឿនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Pininfarina លេខមុខបើកបរនៅលើដងផ្លូវជាលើកដំបូង ក្រោយពីបានលេចមុខតាំងពីខែមីនាក្នុងកម្មវិធី Geneva Motor Show រួចមក។
រថយន្តម៉ូដែល Battista នេះ ពេលបង្ហាញវត្តមានដំបូងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបរាង និងជាពិសេសលើកម្លាំងរបស់វា។ រថយន្តនេះដំណើរការដោយថាមពលអគ្គិសនីសុទ្ធ អាចផលិតកម្លាំងបាន ១៨៧៧ សេះ និង អាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេលមិនដល់ ២ វិនាទី និងមានល្បឿនអតិបរមា ៣៤៩ គ.ម/ម៉។
Battista នឹងមានផលិតត្រឹម ១៥០ គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃប្រមាណ ២,៥ លានដុល្លារ។ មកទល់ពេលនេះមានរថយន្ត ៦០ គ្រឿងហើយដែលមានគេកុម្ម៉ង់ទិញទុកមុន ដែលអ្នកទិញមានប្រភពពីអាមេរិកខាងជើង, អឺរ៉ុប, អាស៊ី និងមជ្ឈិមបូព៌ា។ រថយន្តនេះបានចាប់ផ្ដើមការផលិតហើយ ដោយនឹងដាក់ផ្ដើមដឹកជញ្ជូនឲ្យអតិថិជននៅឆ្នាំ ២០២០៕