
រថយន្ត Hongqi Golden Sunflower Guoli Lanting Yayun មួយគ្រឿង ជាប្រភេទរថយន្តមួយទឹក ត្រូវបាននាំចេញពីទីក្រុង Erdos ប្រទេសចិន ក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលរហូតដល់ ១.៥លានដុល្លារអាមេរិក។ រថយន្តនេះមានតម្លៃលក់ក្នុងស្រុក ១១លានយ័ន ស្មើនិង ១.៥ លានដុល្លារ ពេលនេះត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម។
អ្នកដែលទិញរថយន្ដនេះ ត្រូវបានគេរាយការណ៍ថាគឺជាលោក Stanislav Semenov ជាស្ថាបនិកនៃក្រុមហ៊ុន Quantitative Trading Equal Fund មានមូលដ្ឋាននៅទីក្រុងឌូបៃ បានកក់ទិញរថយន្តប្រណិតលំដាប់កំពូលរបស់ចិនមួយនេះនៅឯពិព័រណ៍រថយន្តសៀងហៃកាលពីដើមឆ្នាំនេះ។ រថយន្ត Golden Sunflower ផលិតជាពិសេសសម្រាប់អតិថិជនលំដាប់អភិជនឬអ្នកមានមុខមាត់ក្នុងសង្គម។ ចំពោះទំហំរូបរាងខាងក្រៅ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ៩៨០មម ទឹទឹង ២ ០៩០មម កម្ពស់ ១ ៧១០មម ប្រវែងគម្លាតកង់មុខក្រោយ ៣ ៧៣០មម។
រថយន្ដនេះផលិតឡើងផ្អែកលើលំនាំរថយន្ដ Hongqi L5 មានការរួមបញ្ចូលគ្នាជាមួយការឌីស្សាញបែបបុរាណ ខណៈប៉ាណ៉ាខាងមុខប្រភេទក្រូមេ រចនាបថបែបទឹកជ្រោះ បំពាក់មកជាមួយអំពូលរាងមូលបែបប្រពៃណី និងមាន Logo នៅចំកណ្ដាលអាចបិទបើកហើយលេងបន្ថែមជាមួយពណ៍ក្រហម ភ្ជាប់ជាមួយបន្ទាត់អូសកាត់លើគម្របម៉ាសុីនពណ៍ក្រហម តំណាងឲ្យប្រទេសចិន។ ផ្នែកខាងក្រោយរចនាមកជាមួយចង្កៀង LED បែបបញ្ឍរនិងបំពាក់មកជាមួយក្រូមេ រចនាជាបន្ទាត់អូសកាត់ទទឹងនៅផ្នែកខាងក្រោយ។
ចូលមកដល់ផ្នែកខាងក្នុង កាន់តែប្រណីតនិងទំនើប ដោយបរិក្ខាខាងក្នុងផលិតត្រូវរចនាពណ៍មាសក្នុងនោះក៏មានសមាធាតុមាសសុទ្ធត្រូវបានប្រើប្រាស់ផងដែរ។ ហើយដែលពិសេសបំផុតនៅផ្នែកខាងក្នុងការរចនាបន្ថែមមកជាមួួយរូបគំនូរបែបបុរាណជាច្រើន ធ្វើឲ្យរថយន្ដនេះកាន់តែទាក់ទាញ ហើយស័ក្ដិសមបំផុតសម្រាប់អតិថិជនលំដាប់ខ្ពស់ ។
ចំណែកអេក្រង់កម្សាន្ដជាប្រភេទ OLED ទំហំ ១៤.២អុីញ រួមបញ្ចូលគ្នាជាមួយមុខាងរ AR-HUD (Augmented Reality Head-Up Display) មានមុខងារបង្ហាញព័ត៌មានជា្រចើនដូចជាល្បឿនក្នុងការបើករ ការរុករកផ្លូវហើយនាំផ្លូវឆ្លាតវៃ និងការព្រមានផ្សេងៗ ទៅលើកញ្ចក់ខាងមុខរថយន្ត ដោយផ្អែកលើរូបភាពជាក់ស្ដែងពិតៗ ពេលកំពុងបើកបរតែម្ដង។
រថយន្តនេះត្រូវបានបំពាក់ដោយ Speaker ម៉ាក់ Dynaudio Confidence ចំនួន ៣២គ្រាប់ និងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានសកម្ម (active noise cancellation technology)។ តួរថយន្តត្រូវបានផលិតឡើងពីដែកថែបដែលបង្កើតដោយកម្តៅ (hot-formed steel) 2000MPa និងយ៉ាន់ស្ព័រអាលុយមីញ៉ូ រួមបញ្ចូលពោងសុវត្ថិភាពចំនួន៩គ្រាប់។
Hongqi Golden Sunflower ដំណើរការដោយម៉ាស៊ីន V8 twin-turbocharged ចំណុះ ៤.០ ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក អាចផលិតកម្លាំងបាន ៣៨៨សេះ កម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ផ្គូផ្គងជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។ រថយន្ដនេះអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៥.១វិនាទី ប៉ុណ្ណោះ៕