[បរទេស] Nissan ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការ ដើម្បីផលិតរថយន្តអគ្គិសនីពេញលេញទៅលើរថយន្តម៉ូដែល Juke, Qashqai និង X-Trail ដែលរំពឹងថានឹងវាយលុកទីផ្សារក្នុងចន្លោះឆ្នាំ ២០២៥ និង ២០២៧ ។ រថយន្តអគ្គិសនីសុទ្ធទាំងអស់ ទំនងជាត្រូវបានលក់ជាមួយនឹងប្រភេទ e-Power hybrid ផ្សេងទៀតដែលមានស្រាប់សម្រាប់រយៈពេលពីរបីឆ្នាំរហូតដល់មានការហាមឃាត់រថយន្តប្រភេទឥន្ធនៈ ត្រូវបានអនុវត្តនៅអឺរ៉ុប។
Nissan ចង់ឱ្យរថយន្តប្រភេទអគ្គិសនីសុទ្ធ មានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់សាកលរបស់ខ្លួនត្រឹមឆ្នាំ២០៣០ ដែលគ្មានការបំភាយឧស្ម័នពុលទៅបរិយាកាស នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ក្រៅពីរថយន្ត SUV ទាំងបីដែលបានរៀបរាប់ខាងលើនេះ ក្នុងនោះនឹងរួមបញ្ចូលទាំងរថយន្តទំនើបអគ្គិសនីសម្រាប់ជំនួសរថយន្ត Micra និង Nissan Leaf ជំនាន់ក្រោយផងដែរ។
រថយន្តអគ្គិសនីសុទ្ធនាពេលខាងមុខ អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាអាគុយថ្មីដែលអាចនឹងនាំមកនូវ “ដង់ស៊ីតេថាមពលកាន់តែប្រសើរ និងប្រសិទ្ធភាពក្នុងការចំណាយកាន់តែទាប” រួមជាមួយនឹងអត្រាសាកថ្មលឿនរហូតដល់ ៤០០ kW ។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះមិនទាន់អាចរំពឹងថានឹងមកដល់នៅឆ្នាំ ២០២៨ នោះទេ។ ហេតុនេះហើយអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ គឺនឹងផ្តល់ជូននូវការបើកបរបានកាន់តែឆ្ងាយ ខណៈពេលដែលត្រូវរង់ចាំបច្ចេកវិទ្យាថ្មីចុងក្រោយ។