[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Tiggo 8L ប្រភេទ SUV លក្ខណៈគ្រួសារកៅអី ៥ និង ៧ មាន ៣ជម្រើស Tiggo 8, Tiggo 8 Pro និង Tiggo 8 Plus នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧៩៥ ម.ម ទទឹង ១,៩៣០ ម.ម កំពស់ ១,៧២៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៧០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងសរុបបានចំនួន ២៥១សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប៉ុងមួយ និងប៉ុងពី ជាមួយកម្រិតសុីសាំុង ៧,៨ និង ៨,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខមួយផ្ទាំងធំ dot matrix design តុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារលាក់ជិត ថាសកង់ស្ព័រទំហំ ១៨ ដល់ ២០អ៊ីញ និងដំបូលកញ្ចក់ ជាដើម។ លើសពីនេះទៅទៀតរួមមានរ៉ាដាខាងមុខ/ខាងក្រោយ ធ្នើរដាក់ឥវ៉ាន់លើដំបូល និងការរចនាបថគែមផ្សេងៗផងដែរ នេះបើយោងតាម MIIT របស់ចិន៕ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានរបាយការណ៏នៅឡើយទេ។