ORA Good Catគឺជារថយន្តអគ្គិសនីមួយប្រភេទរបស់ក្រុមហ៊ុន Great Wall ដោយមានការរចនាគួរអោយចាប់អារម្មណ៍ ដោយយកលំនាំគំនិតនៃផ្នែកមួយចំនួនពីរថយន្តអឺរ៉ុបដូចជា រថយន្ត Porsche 911, VW Beetle និង Fiat 500ផងដែរ។
យោងទៅតាមគេហទំព័រ Car News China រថយន្ត Good Cat មានបណ្តោយប្រវែង ៤ ២៣៥mm ទទឹងប្រវែង ១ ៨២៥mm កម្ពស់ ១ ៥៩៦mm និង គម្លាតពីកង់មុខទៅក្រោយមានទំហំ ២ ៦៥០mm។ ផ្នែកខាងមុខ រចនាយ៉ាងសាមញ្ញជាមួយចង្កៀងរចនាជារាងមូល ដែលបង្ហាញថាជារថយន្តអគ្គិសនី។ ការរចនាជម្រឹងខ្យល់ខាងមុខហាក់មានភាពខុសប្លែកពីធម្មតា ដោយការដូរទម្រង់ជំនួយដោយជម្រឹងខ្យល់តូច មកនៅផ្នែកខាងក្រោមវិញ។ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់ជាមួយយ៉ាន់កង់ស្ព័រ រចនាយ៉ាងទាក់ទាញជា ៥ ប្រលោះ ភ្ជាប់ជាមួយរូបរាងជា២ពណ៌ ដោយដំបូលមានពណ៌ស។
ផ្នែកខាងក្នុងនៃរថយន្ត បានបំពាក់កុងទ័រឌីជីថល អេក្រង់បង្ហាញព័ត៍មាន នឹងចង្កូតស្បែកទន់រាងជា ២ប្រលោះ ដែលមានពណ័ខៀវ លាយស។
ORA Good Cat បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ នៅកាឡេកង់ផ្នែកខាងមុខបង្កើតកម្លាំង ១៤៣សេះ កម្លាំងបង្វិល ២១០Nm ដែលអាចបើកបរបានចំងាយ ៥១០គ.ម៉។ រថយន្តនេះនឹងមានចរាចណ៍លក់នៅលើទីផ្សារប្រទេសចិន នៅថ្ងៃទៅ២៥ ខែកញ្ញានេះផងដែរ។