កាលពីថ្ងៃទី១៥ ខែសីហា ថ្មីៗនេះ ក្រុមហ៊ុន ONVO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Nio បានប្រកាសថា រថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានរំកិលពីខ្សែសង្វាក់ផលិតកម្មហើយ។
គួរឲដឹងថា រថយន្តអគ្គិសនី Onvo L60 ត្រូវបានផលិតនៅក្នុងរោងចក្រ F2 របស់ក្រុមហ៊ុន Nio ដែលមានទីតាំងស្ថិតក្នុងទីក្រុង NeoPark ខេត្ត Anhui ប្រទេសចិន។ សម្រាប់ម្ចាស់រថយន្តអគ្គិសនីដំបូងនេះគឺលោក Xia Qinghua ដែលជាអ្នកដឹកនាំប្រតិបត្តិការអ្នកប្រើប្រាស់ និងសេវាកម្មរបស់ក្រុមហ៊ុន Onvo ផ្ទាល់។
រថយន្តអគ្គិសនី ONVO L60 ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាលដែលមានប្រវែងតួខ្លួនសរុប ៤ ៨២៨ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦១៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ រួមជាមួយជម្រើសកញ្ចប់ថ្មចំនួន ៣ផ្សេងគ្នាគឺ ៥៥៥គីឡូម៉ែត្រ ៧៣០គីឡូម៉ែត្រ និង ១០០០+គីឡូម៉ែត្រ។
ចំពោះការរចនាមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ។
បើនិយាយពីផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តនេះផ្តល់ជូននូវ អេក្រង់លើកញ្ជក់ HUD ទំហំ ១៣អ៊ីញ អេក្រង់បញ្ជាកណ្តាលកម្រិត 3K ទំហំ ១៧,២អ៊ីញ និងអេក្រង់កម្សាន្តខាងក្រោយទំហំ ៨អ៊ីញ ដំណើរការដោយប្រព័ន្ធ ONVO OS ថ្មី។ បន្ថែមពីលើនេះ រថយន្តនេះក៏បញ្ជូលនូវមុខងារសាកថ្មឥតខ្សែ ប្រព័ន្ធសំឡេង Onvo Sound ចំនួន ១៨គ្រាប់ជាដើម។
គួរបញ្ជាក់ថា រថយន្តអគ្គិសនីនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅចុងខែកញ្ញានេះ ជាមួយតម្លៃលក់ចាប់ពី ៣០ ៧៣០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន៕