[ទីផ្សារបរទេស] បច្ចុប្បន្ន ប្រទេសចិនគឺជាទីផ្សាររថយន្តធំជាងគេនៅទូទាំងពិភពលោក។ នោះមានន័យថាប្រទេសនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃឧស្សាហកម្មរថយន្ត ជាទូទៅផ្នែករថយន្តអគ្គិសនី។ ជាក់ស្តែងប្រទេសចិនបានប្រើប្រាស់រថយន្តប្រហែល ១៩,៨ លានគ្រឿងនៅឆ្នាំ ២០២០ ខណៈពេលដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទីពីរដែលមាន ១៤,៥ លានគ្រឿង។
ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងព្យាយាមទម្លាយចូលទៅក្នុងទីផ្សារនេះតាមវិធីផ្សេងៗគ្នាជាច្រើន។ឧទាហរណ៍ ដូចជាក្រុមហ៊ុន Mercedes-Benz កំពុងព្យាយាមធ្វើឲ្យប្រទេសចិនក្លាយជាផ្ទះទី២ របស់ខ្លួន ខណៈដែលថ្មីៗនេះ ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតរថយន្តអគ្គិសនី Mach-E នៅក្នុងប្រទេសចិនផងដែរ។
សូម្បីតែម៉ាកក្នុងស្រុកក៏មានការរីកចម្រើនដែរ ក្នុងនោះរថយន្ត C385 ដែលជារថយន្តអគ្គិសនីដំបូងគេនៅក្នុងត្រកូលផលិតផលរបស់ Changan ។ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍របស់រថយន្តប្រភេទ Sedan ស៊េរីទំនើបនៅក្នុងការសាកល្បងនៅទីនេះ ម៉ូដែល C385 មានសមត្ថភាពធ្វើដំណើរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រ ដោយការសាកថ្មតែម្តង។ តួលេខនេះធ្វើឲ្យ C385 ក្លាយជារថយន្តអគ្គិសនីទី ៣ នៅទូទាំងពិភពលោកក្នុងលក្ខខណ្ឌនៃការសាកថ្មតែមួយ បន្ទាប់ពីរថយន្តអគ្គិសនី Tesla Model S Long Range និង Lucid Air Dream Edition ដែលលក់នៅសហរដ្ឋអាមេរិក។
ជាពិសេស Tesla Model S Long Range មានចម្ងាយប៉ាន់ស្មាន ៦៥២ គីឡូម៉ែត្រ សម្រាប់ការសាកម្តង ខណៈពេលដែល Lucid Air Dream Edition មានចម្ងាយប្រហែល ៨៣៧ គីឡូម៉ែត្រ សម្រាប់ការសាកម្តង។ តម្លៃចេញពីរោងចក្រនៃម៉ូដែលទាំងពីរនេះគឺ ៩០ ០០០ ដុល្លារ និង ១៧០ ០០០ ដុល្លារ។ បច្ចុប្បន្ននេះ តម្លៃចេញពីរោងចក្ររបស់ C385 មិនត្រូវបានបញ្ចេញឱ្យដឹងនោះទេ ប៉ុន្តែរថយន្តនេះមានតម្លៃប្រហែលជា ១/៣ នៃតម្លៃចេញពីរោងចក្ររបស់ Tesla Model S Long Range គឺ ៣០ ០០០ ដុល្លារ៕