
ក្រុមហ៊ុន Startup របស់ជប៉ុន KG Motors កំពុងចូលអង្រួនក្នុងវិស័យ EV ជាមួយការបញ្ចេញរថយន្ដអគ្គិសនីខ្នាតតូច ម៉ូឌែល “mibot” មានតម្លៃត្រឹមតែ ៧ ០០០ដុល្លារ ហើយទទួលការបញ្ជាទិញកក់មុនចំនួន ៣ ៣០០ គ្រឿង រួចជាស្រេច ជាមួយអត្រាលក់នេះ បានធ្វើឲ្យពួកគេវ៉ាដាច់ការលក់រថយន្តអគ្គិសនីសរុបរបស់ក្រុមហ៊ុន Toyota នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤។
Mibot រចនាមកបំពាក់មកជាមួយម៉ាស៊ីនត្រជាក់ ហើយធុងដាក់ឥវ៉ាន់តូចមួយ អាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ ប្រើពេលវេលាសាកថ្មចំនួន ៥ម៉ោង អាចសាកថ្មជាមួយព្រីភ្លើងធម្មតាតាមផ្ទះដោយមិនចាំបាច់មានឧបករណ៍ពិសេសណាមួយឡើយ និងអាចបើកបរក្នុងល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ដនេះ ត្រូវបានបង្កើតឡើងសម្រាប់ការបើកបរលើផ្លូវតូចចង្អៀតនៅប្រទេសជប៉ុន។
ខណៈពេលដែលប្រទេសជប៉ុននៅតែប្រយ័ត្នប្រយែងចំពោះរការប្រើប្រាស់រថយន្តអគ្គសនី ដោយពេញចិត្តលើរថយន្តប្រភេទ Hybrid និងរថយន្តសាំង។ រថយន្តអគ្គិសនីតូច និងតម្លៃសមរម្យរបស់ KG Motors អាចនឹងបង្កើតទីផ្សារថ្មីមួយ ដែលផ្ទុយពី រថយន្ដអគ្គិសនីខ្នាតតូចដែលមានតម្លៃថ្លៃជាងរថយន្ដផលិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកសម្រាប់យានយន្តដែលងាយស្រួលប្រើប្រាស់ និងសន្សំសំចៃ។
លោក Kazunari Kusunoki ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា៖ «រថយន្តធម្មតាមានទំហំធំស្រាប់។ ការមើលឃើញរថយន្តធំៗជាច្រើនធ្វើដំណើរលើផ្លូវតូចចង្អៀតរបស់ជប៉ុន នោះហើយជាចំណុចចាប់ផ្តើមសម្រាប់ខ្ញុំ»។
យុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនីខ្នាតតូចរបស់ KG Motors ប្រើវិធីសាស្ដ្រការបញ្ជាទិញ (make-to-order) ការធ្វើបែបនេះសម្រាប់ក្រុមហ៊ុន Startup គឺផ្ដល់ផលប្រយោជន៍ដល់ខ្លួន៕