រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន MG សាកម្ដងជិះបាន ៤០០គីឡូម៉ែត្រ ចេញតម្លៃផ្លូវការ

កាលពីខែមិនាកន្លងទៅ ក្រុមហ៊ុន MG បានបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីរបស់ខ្លួនមានឈ្មោះថា Marvel R ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Marvel R ដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅខាងមុខ និងពីរនៅខាងក្រោយ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបានសរុប ២៨៤សេះ។ កម្លាំងនេះអាចស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉ផងដែរ។ រថយន្តអគ្គិសនីសុទ្ធនេះអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយទំហំអាគុយ ៧០គីឡូវ៉ាត់ម៉ោង វាមានគាំទ្រការសាកល្បឿនលឿន ១១គីឡូវ៉ាត់ ដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹមតែ ៤០នាទីទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាបានបំពាក់ជាមួយប្រព័ន្ធ V2L ដែលអនុញ្ញាតអោយអាគុយ ផ្តល់ថាមពលទៅកាន់ឧបករណ៍ដទៃទៀតដូចជា៖ កង់អគ្គិសនី Scooter, កុំព្យូទ័រ, ស្នប់ខ្យល់ និងឧបករណ៍ដទៃទៀតផងដែរ។ រួមជាមួយប្រព័ន្ធជំនួយការបើកបរ MG Pilot ដែលមានមុខងារចំនួន ១៤មុខងារផងដែរ។

រថយន្តនេះមានតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ(៤ម៉ឺនអឺរ៉ូ) ដល់ ៦0 0០០ដុល្លារ(៥ម៉ឺនអឺរ៉ូ) សម្រាប់ទីផ្សារអឺរ៉ុប និងរំពឹងថាចេញលក់នៅខែកញ្ញា ដោយពេលនេះក្រុមហ៊ុន MG បានធ្វើការបើកចាប់ផ្តើមទទួលការកក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម