[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ ប្រភេទរថយន្ត ៤ និង ៥ កៅអី មានជម្រើសប្រើប្រាស់ ប៉ុង ១ និងប៉ុង ២ ដែលមានតម្លៃលក់ចាប់ពី ២៧ ៥០០ ដុុល្លារ ទៅ ៣០ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កំពស់ ១ ៥៧២ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៧ រួមមាន ពណ៌ទឹកក្រូច (បន្ថែមថ្មី) ពណ៌ត្នោតខ្ចី ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ស្វាយ ពណ៌ប្រាក់ និងពណ៌ស ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារអគ្គិសនី។
ចំពោះផ្នែកម៉ាសុីនវិញរថយន្តនេះទទួលបាន ២ជម្រើស រួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។
សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកក ទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។