
រថយន្ដ SUV បែប Off-Road របស់ក្រុមហ៊ុន Chery អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រ និង ៥២០ គីឡូម៉ែត្រ បានដាក់លក់ក្នុងទីផ្សារប្រទេសចិនជាផ្លូវការ។ ក្នុងនោះរថយន្ត Chery Fulwin X3 ដាក់លក់ជាមួួយតម្លៃចាប់ពី ១២ ៥០០ ដល់ ១៥ ៣០០ ដុល្លារ។ ចំណែកឯរថយន្ត Chery Fulwin X3 Plus ដាក់លក់ជាមួយតម្លៃចាប់ពី ១៥ ៣០០ ដល់ ១៩ ៥០០ ដុល្លារ។
ក្រៅពីលក្ខណៈបច្ចេកទេសនៃប្រព័ន្ធបញ្ជូនថាមពល និងវិមាត្រតួខ្លួន អាចនិយាយបានថារថយន្ត Chery Fulwin X3 និង X3 Plus គឺស្រដៀងគ្នាទាំងស្រុង ដោយមានការរចនាបែបប្រអប់ ចង្កៀងមុខរាងអក្សរ L ប៉ាណាខាងមុខរចានជាឆ្នូតតុបតែង។ នៅជុំវិញរថយន្ដនេះបានបំពាក់មកជាមួួយ Body-Kit យ៉ាងស្រស់ស្អាតដើម្បីធានាវាជារថយន្ដបែប Off-Road ខណៈផ្នែកខាងក្រោយបន្ថែមមកជាមួយធុងផ្ទុកឥវ៉ាន់។
រថយន្ត Chery Fulwin X3 មានប្រវែងតួខ្លួនសរុប ៤ ៣២៧មម ទទឹង ១ ៩១០មម កម្ពស់ ១ ៧១៥មមនិងប្រវែងគម្លាតកង់មុខក្រោយ ២៧១៥ មម។ ចំណែកឯរថយន្ត Chery Fulwin X3 Plus មានទំហំធំជាងម៉ូឌែល X3 បន្តិច ដោយមានប្រវែងតួខ្លួនសរុប ៤ ៣៨០មម ទទឹង ១ ៩១៦មម កម្ពស់ ១ ៧៤១មម ខណៈប្រវែងគម្លាតកង់មុខក្រោយគឺស្មើគ្នា។
រថយន្ត Chery Fulwin X3 គឺជារថយន្តដំណើរការដោយបុងមួយ (RWD) បំពាក់មកជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងអតិបរមា ១៨៥ គីឡូវ៉ាត់ (២៤៨ សេះ) និងកម្លាំងរមួល ៣០០ ញូតុនម៉ែត្រ រួមជាមួយកញ្ចប់ថ្មលីចូមផូស្វាតទំហំ ៥០.៧៩ គីឡូវ៉ាត់ម៉ោង និង ៦៨.៣៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រ និង ៥២០ គីឡូម៉ែត្រ។
ចំណែករថយន្ត Chery X3 Plus មានទាំងជម្រើសប្រើបុង១ (RWD) និងបុង២ (AWD)
- ម៉ូឌែលប្រើបុង១ (RWD) ៖ បំពាក់មកជាមួយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ១៨៥ គីឡូវ៉ាត់ កម្លាំងរមួល ៣០០ញូតុនម៉ែត្រនិងបំពាក់មកជាមួយអាគុយលីចូមផូស្វាត ៥០.៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១គីឡូម៉ែត្រ។
- ម៉ូឌែលប្រើបុង២ (ARW) ៖ បន្ថែមមកជាមួយម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខអាចផលិតកម្លាំងបាន ៧០គីឡូវ៉ាត់ កម្លាំងរមួល ១៦៥ញូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ១៨៥ គីឡូវ៉ាត់ កម្លាំងរមួល ៣០០ញូតុនម៉ែត្រ និងបំពាក់មកជាមួយអាគុយលីចូមផូស្វាត ៦៧.៣៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ៕