[បរទេស] ក្រុមហ៊ុនលិតរថយន្ត Jeep បានធ្វើការប្រកាសអំពីផែនការអគ្គិសនីរបស់ខ្លួន ដែលបានដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ៤ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងចំណោមរថយន្តទាំងនោះមានរថយន្ត Jeep Wagoneer S ដែលជារថយន្តប្រភេទ SUV អគ្កីសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤។
រថយន្តនេះ ត្រូវបានប្រើប្រាស់ឈ្មោះជាមួយនឹងម៉ូដែល Jeep Wagonerr និង Grand Wagoneer ដោយរថយន្ត Jeep Wagoneer S ថ្មីមានរូបរាងបែបស្ព័រជាង ផ្តោតលើលក្ខណៈ aerodynamics និងមានទំហំតូចជាង។ នៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខបិទជិតត្រូវបានភ្ជាប់ជាមួយនឹងចង្កៀងមុខ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយរន្ធមានពន្លឺចំនួន ៧ នៅក្រោមឡូហ្គោអក្សរ Wagoneer, រន្ធខ្សល់ចំហៀងរាងត្រីកោណ និងនៅកណ្តាលរាងធំតុងតែងជាមួយពណ៌ប្រាក់។
ខណៈ នៅផ្នែកចំហៀងមានថាសកង់ស្ព័រទំហំធំ ស្រដៀងទៅនឹងម៉ូដែល JEEP ផ្សេងទៀត កញ្ចក់រលោងរចនាដោយក្រូម៉េ, កាងជ្រែកខ្យល់ខាងក្រោយទំហំធំ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ។
ចំពោះរូបភាព ឬការបង្ហាញផ្នែកខាងក្នុងនៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែលោក Christian Meunier នាយកប្រតិបត្តិក្រុមហ៊ុន Jeep បាននិយាយថា វានឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កម្រិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលមានគុណភាពខ្ពស់”។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចរផលិតកម្លាំងបាន ៦០០ សេះ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រហែលរយៈពេល ៣,៥ វិនាទី ។ រថយន្ត SUV នឹងមានមកជាមួយនឹងសមត្ថភាព 4×4 ជាស្តង់ដារ និងរំពឹងថាអាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Jeep Wagoneer S នឹងបង្ហាញនៅឆ្នាំ ២០២៣ នៅពេលដែលវានឹងត្រូវបានរៀបរាប់លម្អិតនៅក្នុងទម្រង់ផលិតកម្មចុងក្រោយរបស់រថយន្តនេះ៕