ក្រៅពីមានអគារខ្ពស់កប់ពពក សណ្ឋាគារប្រណីត និងរីសតលំហែជាច្រើនហើយនោះ សហភាពអារ៉ាប់រួមក៏ល្បីឈ្មោះថាមានរថយន្តកំពូលល្បឿន ប្រណីតៗជាច្រើនផងដែរ។ រឹតតែទាក់ទាញនោះគឺរថយន្តដែលប៉ូលិសប្រើប្រាស់សម្រាប់ល្បាតទីក្រុង។
៥. Brabus B63S 700 Widestar
រថយន្តនេះផលិតឡើងផ្អែកតាម Mercedes-Benz G 63 AMG ដែលវាមានបំពាក់ដោយម៉ាស៊ីន Twin Supercharged ចំណុះ ៥,៥ លីត្រ ៨ ស៊ីឡាំង អាចផលិតកម្លាំងបាន ៧០០ សេះ និងមានល្បឿនអតិបរមា ២៤០ គ.ម/ម៉។
៤. Mercedes SLS AMG
SLS AMG បានក្លាយជាសមាជិករថយន្តថ្មីរបស់ប៉ូលិសទីក្រុងឌុយបៃ ចាប់តាំងពីឆ្នាំ ២០១៤។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៦,២ លីត្រ ចំនួន ៨ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៨៣ សេះ។
៣. Bugatti Veyron 16.4
ក្រោយពីបានចូលក្នុងជួរប៉ូលិសឌុយបៃ Bugatti Veyron 16.4 បានក្លាយជារថយន្តប៉ូលិសល្បឿនលឿនជាងគេក្នុងលោក។ រថយន្តនេះទុកប្រើសម្រាប់ល្បាតទីក្រុងតែប៉ុណ្ណោះ ដោយវាមានម៉ាស៊ីន ៨ លីត្រ ១៦ ស៊ីឡាំង ប្រអប់លេខ ៦ វគ្គ ដែលផលិតកម្លាំងបាន ១០០០ សេះ។
២. W Motor Ghiath
នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ប៉ូលិសឌុយបៃ បានបង្ហាញមុខរថយន្ត Ghiath ថ្មី ដែលផលិតដោយ W Motor។ រថយន្តនេះមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជាប្រព័ន្ធ AI, ប្រព័ន្ធចំណាំផ្ទៃមុខ និងអេក្រង់សម្រាប់បញ្ជាមុខងារជាច្រើន។
១. Lykan Hypersport
Lykan Hypersport មានត្រឹម ៧ គ្រឿងប៉ុណ្ណោះក្នុងលោក ហើយមានមួយគ្រឿងត្រូវបានប្រើដោយប៉ូលិសឌុយបៃ។ រថយន្តនេះមានបំពាក់ដោយម៉ាស៊ីន ៣,៧ លីត្រ ៦ ស៊ីឡាំង Twin-Turbocharged កម្លាំង ៧៤០ សេះ ដែលមួយគ្រឿងមានតម្លៃ ៣,៤ លានដុល្លារ៕