រថយន្តភីកអាប់របស់ Mercedes-Benz ម៉ូដែល X-Class អាចនឹងត្រូវជម្រុះចោល ដោយសារតែចំនួនលក់មានតិចតួច ដែលធ្វើឲ្យវាមិនអាចរកប្រាក់ចំណេញបានដល់ក្រុមហ៊ុន ត្បិតថាដាក់លក់តម្លៃខ្ពស់ក្ដី។
របាយការណ៍ចេញពីអឺរ៉ុប ចុះផ្សាយដោយសារព័ត៌មានរថយន្ត Automative News បានឲ្យដឹងថា មានប្រភពលាក់ឈ្មោះដែលដឹងច្បាស់ពីរឿងរ៉ាវផ្ទៃក្នុង បានអះអាងថា X-Class នឹងត្រូវបញ្ឈប់ការលក់ និងផលិត ដោយសារក្រុមហ៊ុនចង់កាត់បន្ថយការចំណាយ។
ឆ្នាំ ២០១៨ រថយន្តម៉ូដែល X-Class អាចលក់ចេញបានត្រឹម ១៦ ៧០០ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ ធៀបនឹង Toyota អាចលក់រថយន្តភីកអាប់ម៉ូដែល Hilux របស់ខ្លួន បានជិត ៥៥ ម៉ឺនគ្រឿងទូទាំងពិភពលោក កាលពីឆ្នាំមុន។
X-Class ពិបាកជ្រៀតចូលទីផ្សារដោយសារតែវាមានតម្លៃខ្ពស់ និងមិនសូវមានចំណុចលេចធ្លោខ្លាំង។ ឧទាហរណ៍រថយន្ត Ford Ranger និង Mitsubishi Triton មានបំពាក់បច្ចេកវិទ្យាដែលមិនទាន់មានលើ Mercedes X-Class ដូចជា radar cruise control, lane-keeping assistance និង blind-zone warning ទោះបីជារថយន្តពីរនេះមានតម្លៃធូរជាងក្ដី៕