
រថយន្ត Chery iCar V27 EREV បានបើកទទួលការបញ្ជាទិញទុកមុនហើយនៅក្នុងប្រទេសចិន ខណៈការដាក់លក់ជាផ្លូវការត្រូវបានរំពឹងថានឹងមានដាក់លក់នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ រថយន្ដនេះជារថយន្ដទីបួនក្រោមម៉ាកយីហោ iCar ដោយមានបំពាក់ប្រព័ន្ធពង្រីករយៈចម្ងាយ (range-extender system) ផ្តល់នូវរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធបាន ២១០ គីឡូម៉ែត្រ និងរយៈចម្ងាយបើកបរសរុប ១ ២០០ គីឡូម៉ែត្រ។
រថយន្ត iCar V27 ត្រូវបានរាប់បញ្ចូលក្នុងនាមជារថយន្ដ SUV ទំហំមធ្យមទៅធំ ដោយវាមានប្រវែងតួខ្លួនសរុប ៤ ៩០៩មម ទទឹង ១ ៩៧៦មម កម្ពស់ ១ ៨៥៥មមនិងមានប្រវែងតួខ្លូនសុរប ២ ៩១០មម។ អតិថិជនអាចជ្រើសរើសបានពីពណ៌ខាងក្រៅបានរហូតដល់ប្រាំពណ៍ក្នុងនោះរួមមាន៖ ពណ៌ប្រាក់, ពណ៌លឿង, ពណ៌បៃតងខ្ចីទឹកដោះគោ, ពណ៌ខ្មៅនិងពណ៌ខៀវ។ ក្នុងនាមជារថយន្តប្រភេទ Off-road SUV ផ្នែកខាងក្រោយបានភ្ជាប់មកជាមួយកង់សាគួរមួយគ្រាប់, ទំពក់សណ្តោង, ទ្វារក្រោយបើកចំហៀងនិងលេងបន្ថែមជាមួយគែមកង់ ជួយលើកសម្រស់រថយន្ដនេះកាន់តែស្រស់ស្អាត។
រថយន្ត Chery iCar V27 EREV ដំណើរដោយម៉ាស៊ីនចំណុះ ១.៥ អាចផលិតកម្លាំងបាន ១០៥ គីឡូវ៉ាតឬ ១៤១សេះ ដើរតួជាម៉ាសុីនពង្រីករយៈចម្ងាយ (range-extender)។ រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសប្រើប្រាស់ទាំងម៉ូទ័រអគ្គិសនីចំនួនមួយនិងពីរ ហើយផ្ដល់ជូនរយៈចម្ងាយបើកបរសរុប ១ ២០០ គីឡូម៉ែត្រ និងរយៈចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ២១០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
សម្រាប់ម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៥ វិនាទី ហើយអាចផលិតកម្លាំងបា ៣៣៥ គីឡូវ៉ាត់ ឬ ៤៤៩ សេះ។ ចំណែកម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបា ១៨៥ គីឡូវ៉ាត់ឬ ២៤៨ សេះ។
រថយន្ត Chery iCar V27 EREV ក៏បានបំពាក់មកជាមួយមុខងារជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ Falcon 700 របស់ក្រុមហ៊ុន Chery គាំទ្រដោយបន្ទះឈីប Horizon Robotics J6P ជាមួយនឹងថាមពលគណនា 560 TOPS និងឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ត្រូវបានបំពាក់ទូទាំងរថយន្ត ដូចគ្នាទៅនឹងអ្វីដែលមានបំពាក់នៅលើរថយន្ត Exeed Exlantix MX (ET5) ដែរ។ ឧបករណ៍ចាប់សញ្ញាទាំង ២៧គ្រាប់នោះរួមមាន៖ Lidar ចំនួនមួយ, រ៉ាដារលកមីលីម៉ែត្រ ចំនួន៣គ្រាប់, កាមេរ៉ា ១១គ្រាប់និងរ៉ាដាអ៊ុលត្រាសូនិចចំនួន ១២គ្រាប់។

ចូលមកដល់ផ្នែកនៅខាងក្នុងនៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដ ទំហំ ១៥.៤ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P, កុងទ័រ LCD និងប៊ូតុងបញ្ជាបែបប្រពៃណី ជាច្រើននៅលើកុងសូលកណ្តាល សម្រាប់បញ្ជាគ្រប់គ្រងការនិងការកំណត់ផ្សេងៗ។
បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយឧបករណ៍បំពងសម្លេងចំនួន ២៣ គ្រាប់, ប្រព័ន្ធកាត់បន្ថយសំឡេងរំខាន និងដំបូលកញ្ចក់បែងចែកជា២ផ្នែក។ ចំពោះទំហំឃ្លុបដាក់ឥវ៉ាន់ស្តង់ដារគឺមានចំណុះ ៧១៥ លីត្រ ហើយអាចពង្រីកបានដល់ ១,៨១៨ លីត្រ។ នៅផ្នែកខាងក្នុងរបស់រថយន្ដ Chery iCar V27 EREV ក៏បានបន្ថែមមកជាមួយកន្លែងដាក់ឥវ៉ាន់តូចៗសរុបចំនួន ៥០កន្លែង៕























