[ទីផ្សារបរទេស] រថយន្ត Chevrolet Trailblazer គឺជាប្រភេទ Crossover ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រហូតដល់រោងចក្រកូរ៉េខាងត្បូងនៅទីក្រុង Incheon មិនអាចផលិតបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏លេចធ្លោនេះ។ ក្នុងនោះ មានរបាយការណ៍មួយបានលើកឡើងថា ប្រភេទ Crossover គឺមានតម្រូវការខ្ពស់ ដែលរោងចក្រនឹងកាត់បន្ថយការផលិតម៉ូដែល Trax ដើម្បីបន្ថែមកន្លែងសម្រាប់ការផលិតរថយន្ត Trailblazer។
សម្រាប់រថយន្ត Chevrolet Traiblazer ប្រភេទ Crossover នេះបានបង្ហាញខ្លួននៅឆ្នាំ ២០១៩ នៅឯកម្មវិធី Los Angeles Auto Show ជាមួយនឹងជម្រើសនៃម៉ាស៊ីន turbo-gasoline ចំនួនពីរប្រភេទ និងជម្រើសបួនប្រភេទផ្សេងគ្នា ប៉ុន្តែម៉ូដែលខ្ពស់បំផុត RS បានទទួលមប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ចាប់តាំងពីកាលបរិច្ឆេទចេញលក់នៅឆ្នាំ ២០២១។
យោងតាមគេហទំព័រ GM Authority បានឲ្យដឹងថា ក្រុមហ៊ុន Chevrolet បានពង្រីកផលិតកម្មនៅរោងចក្រកូរ៉េខាងត្បូងរបស់ខ្លួន ដើម្បីផលិតបានចំនួន ៦,០០០ គ្រឿងបន្ថែមទៀតសម្រាប់ឆ្នាំនេះ ជាមួយតម្រូវការគឺខ្ពស់ជាងការផ្គត់ផ្គង់ដល់ទៅ ៤៦៤% គិតត្រឹមខែកញ្ញាឆ្នាំមុន។
សម្រាប់រថយន្ត Chevrolet Traiblazer គិតត្រឹមឆ្នាំ ២០២១ គឺជារថយន្តមានលក្ខណៈពិសេសជាងរថយន្តប្រភេទ Crossover ផ្សេងទៀតដែលរួមមានរថយន្ត Jeep Compass, Nissan Kicks និង Hyundai Kona។ ខណៈរថយន្តនេះបានបង្ហាញពីការកើនឡើងខ្ពស់បំផុតនៃការលក់ប្រចាំឆ្នាំគឺរហូតដល់ ១៦១,៩២% ។
ជាមួយគ្នានេះ រថយន្ត Trailblazer ក៏ត្រូវបានផ្គុំនៅឯរោងចក្រ Yantai នៃខេត្ត Shandong ក្នុងប្រទេសចិន ដែលជាដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុន SAIC ប៉ុន្តែទីនោះ Trailblazer មិនសូវជោគជ័យទេ ដោយលក់បានត្រឹមតែ ៥៥៥ គ្រឿង ពេញមួយឆ្នាំ ២០២១ ខណៈការលក់ក្នុងប្រទេសកូរ៉េខាងត្បូងបានដល់ ១៨,២៨៦ គ្រឿង។
រថយន្ត Chevrolet Trailblazer ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងព្រោះបានចូលទីផ្សារជាមួយនឹងតម្លៃក្រោម ២០ ០០០ ដុល្លារ ប៉ុន្តែមកដល់ពេលនេះម៉ូដែល Base LS trim ចាប់ផ្តើមនៅ ២១ ៨០០ ដុល្លារ ជាមួយថ្លៃដឹកជញ្ចូន ១ ១៩៥ ដុល្លារ។ ជាមួយនឹងការកើនឡើងតម្លៃនេះ ធ្វើឲ្យម៉ូដែលទទួលបានលក្ខណៈពិសេសស្ដង់ដារកាន់តែច្រើន និងជម្រើស ដូចជាពណ៌ថ្មី និងកញ្ចប់ trailer សម្រាប់ម៉ូដែលឆ្នាំ ២០២២ ផងដែរ៕