រថយន្ត Ford EcoSport ២០២០ បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្វពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford EcoSport ស៊េរីថ្មី២០២០ ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអីអនម៉លសែនសុខស៊ីធី-អុីអន ២) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ រថយន្ត Ford EcoSport ២០២០ ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់នៅពេលបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែពិសេស Ford EcoSport ២០២០ ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀត និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford EcoSport ២០២០ នោះរួមមានដូចជា៖ បច្ចេកវិទ្យា ​SYNC 3 និងអេក្រង់ Touch Screen ៨ អុីញ កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន ផ្នែកខាងក្រៅ និងខាងក្នុងរចនាថ្មីសន្លាងយ៉ាងស្រស់ស្អាត ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងហ្វាកូដ អូតូ សេនសឺ ៨គ្រាប់ ខាងមុខ និងក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង និងរអិល។ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ ប្រអប់ត្រជាក់ និងកន្លែងដាក់ឥវ៉ាន់ ២៥កន្លែង និងមានពោងសុវត្ថិភាពចំនួន ៦។

ក្រុមវិស្វកររថយន្ត Ford ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសំលេងរំខាន ដូចជាសំលេងពេលបើកបរលើផ្លូវ សំលេងខ្យល់ និងសំលេងម៉ាស៊ីនជាដើម ដែលជាកត្តាធ្វើឲ្យមានសំលេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់ ១១០គ.ម/ម៉ោង ក៏មិនមានសំលេងរំខានខ្លាំងដែរ។

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន ​Ford ប្រចាំតំបន់អាស៊ីប៉ស៊ីហ្វិច បានមានប្រសាសន៍ថា៖ ” ការកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឲ្យអតិថិជនរីករាយនឹងបទពិសោធន៍បើកបររបស់ពួកគេ ដូច្នេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការផលិតរថយន្តនេះឡើង។

សម្រាប់ការបើកបរលើផ្លូវរលាក់ក៏មិនបង្កឲ្យមានសំលេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួររថយន្តបានរចនាថ្មី កាត់បន្ថយសំលេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មី កាត់បន្ថយភាពរលាក់ រួចជាមួយនឹងសំបកកង់ថ្មីមិនបង្កើតឲ្យមានសំលេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់ កាត់បន្ថយសំលេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសំលេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អ និងកាត់បន្ថយកំដៅក្នុងរថយន្ត។

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួររថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈ Aerodynamics (មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford EcoSport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ ១,០ លីត្រ ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរថយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេខេមបូឌា បានមានប្រសាន៍ថា៖ ” ក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត SUV ខ្នាតតូចមួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។​ យើងឃើញថាអ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគេយល់ថារថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយសារត្រូវពិនិត្យមើលឲ្យបានម៉ត់ចង់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន អ អិម អេ បាននាំចូលនូវរថយន្ត Ford EcoSport មកកាន់កម្ពុជាហើយ ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ ២ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ។ ”

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួល រួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើន រួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ Ford EcoSport ក៏មានផ្តល់ជម្រើសនៃពណ៌ជាច្រើនឲ្យជ្រើសរើសរួមមានដូចជា ពណ៌ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ។

រូបភាពនៃការសម្ពោធ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម