រថយន្ត MG5 បន្ថែមម៉ូដែល D+ ថ្មី នឹងបានដំឡើងតម្លៃម៉ូដែលទាំងអស់ខ្ទង់ ៥០០ ដុល្លារ នៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បន្ថែមចេញម៉ូដែល D+ នៃរថយន្ត MG5 ស៊េរីឆ្នាំ ២០២២ ជាមួយ​នឹងតម្លៃចាប់ផ្តើម ​១៩ ៥៥៦ ដុល្លារ និងបានការ​កែ​សម្រួល​តម្លៃ​សម្រាប់​គ្រប់​ម៉ូដែល​ដោយ​បាន​តម្លើងបន្ថែម​រហូត​ដល់​ទៅ ២៨៨ ដុល្លារសម្រាប់ម៉ូដែល X និងតម្លៃ ៤៦០ ដុល្លារសម្រាប់​ម៉ូដែល C និង D​ ក្នុងទីផ្សារប្រទេសថៃ។

សម្រាប់រថយន្ត MG5 ម៉ូដែល D+ ថ្មី ដែលជាម៉ូដែលស្ថិតនៅចន្លោះម៉ូដែល D និង X ដោយបន្ថែមលក្ខណៈស្តង់ដារដូចជា ប៉ាណាខាងមុខប្រភេទ two-tone, ដំបូលកញ្ចក់ sunroof, កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ, កៅអីអគ្គិសនីអ្នកបើកបរលៃតម្រូវបាន ៦ ទិសដៅ, ភ្លើងលំអនៅកៅអីជួរខាងក្រោយ និងកន្លែងដាក់ដបទឹក, Cruise Control និងកាំមេរ៉ា 3D មួយជុំវិញរថយន្តជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែល ម៉ូដែលទាំងបីរបស់ MG5 ស៊េរីឆ្នាំ ២០២២ គឺ C, D និង X ទទួលបានការធ្វើឲ្យប្រសើរឡើងនៅលក្ខណៈស្តង់ដារខុសគ្នាបន្តិចបន្តួច ដោយម៉ូដែល C បានភ្ជាប់មកជាមយយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ, ម៉ូដែល D បន្ថែមថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និងម៉ូដែល X បាន​បន្ថែមនៅកាង​ spoiler Knock ខាងក្រោយផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុន MG Sales ប្រចាំនៅប្រទេសថៃ បញ្ជាក់​ថា MG5 ជា​ម៉ូដែល​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​អតិថិជន​ថៃ។ បន្ថែមពីនេះ ក៍ទទួលបានពានរង្វាន់ការរចនាជាសាកលផងដែរគឺ Good Design Award 2021 ដែលធ្វើឲ្យមានការលក់កើនឡើងច្រើនជាង ១១ ៣៣០ គ្រឿងចាប់តាំងពីការចេញលក់នៅខែកក្កដា ឆ្នាំ ២០២១។

គួរបញ្ជាក់ផងដែរថា ចំពោះរថយន្ត MG5 D+ ស៊េរីឆ្នាំ ២០២២ មាន ៥ពណ៌សម្រាប់ជ្រើសរើសរួមមាន ពណ៌លឿង (Nuclear Yellow), ពណ៌ស (Arctic White), ពណ៌ខ្មៅ (Black Knight), ពណ៌ក្រហម (Scarlet Red) និងពណ៌ប្រផេះ (Metal Ash Grey) ជាមួយ​នឹង​ការ​ចែកចាយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២២ ត​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម