[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Kicks e-POWER ស៊េរីឆ្នាំ ២០២២ ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ជាមួយនឹងរូបរាងតួខ្លួន AUTECH style kit ដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសជប៉ុន។
បច្ចុប្បន្ននេះ Nissan មិនទាន់បានបង្ហាញពីព័ត៌មានលម្អិតណាមួយនៃម៉ូដែល Nissan Kicks e-POWER ឆ្នាំ ២០២២ នៅឡើយទេ ប៉ុន្តែរូបភាព Teaser បង្ហាញថា ប្រទេសថៃអាចទទួលបានកញ្ចប់រចនាតួខ្លួន AUTECH ស្រដៀងទៅនឹងរថយន្តដែលបានលក់នៅក្នុងប្រទេសជប៉ុន ដោយមានរបាអូសកាត់ក្រូម៉េ នៅជិតចង្កៀងកាត់អ័ព្ទ គម្របកញ្ចក់ចំហៀងក្រូម៉េ semi-gloss និងតែមក្រាហ្វិចឆ្នូតពណ៌ខៀវនៅលើប៉ាណាខាងមុខជាដើម។
រថយន្ត Nissan Kicks e-POWER AUTECH ត្រូវបានដាក់ជាម៉ូដែលខ្ពស់មួយនៅក្នុងទីផ្សារជប៉ុនបច្ចុប្បន្ន ដោយភ្ជាប់មកជាមួយនៅគ្រឿងន្ថែមពីម៉ូដែលធម្មតា ដូចជាប៉ាណាខាងមុខតុបតែងជាមួយក្រូម៉េខ្មៅជាមួយឡូហ្គោ AUTECH ចង្កៀងកាត់អ័ព្ទរាងជាឆ្នូត កាងក្រោមកាងខាងមុខ និងខាងក្រោយតុបតែងជាមួយពណ៌ប្រាក់ ថាសកង់ស្ព័រ AUTECH ទំហំ ១៧ អ៊ីញ ស្រោបជាមួយសំបកកង់ប្រភេទ 205/55 R17។
ចំណែកនៅផ្នែកខាងក្នុងកាប៊ីនក៏ត្រូវបានតុបតែងផ្តាច់មុខសម្រាប់ម៉ូដែល AUTECH ផងដែរ ដោយមានបំពាក់ជាមួយកៅអីពណ៌ខ្មៅ-ខៀវ ជាមួយឡូហ្គោ AUTECH, កុងសូល និងកន្លែងដាក់ដៃតុបតែងដោយពណ៌ខៀវ បន្ទះទ្វារតុបតែងដោយស្បែកពណ៌ខៀវ ដៃចង្កូតស្បែកពិសេសតុបតែងដោយស្បែកជាមួយថ្នេរដេពណ៌ខៀវ និងឡូហ្គោ AUTECH នៅលើចង្កឹះលេខផងដែរ។
ចំពោះម៉ាស៊ីនរបស់ Nissan Kicks e-POWER មុខមាត់ថ្មីនៅក្នុងប្រទេសថៃ នៅមិនទាន់មានព័ត៌មានផ្លូវការ នោះទេ ប៉ុន្តែសម្រាប់ Kicks e-POWER AUTECH នៅក្នុងទីផ្សារជប៉ុនវិញ វានៅតែដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ១២៩ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ៕