រថយន្ត Nissan Kicks e-POWER ២០២២ ថ្មី​ មុខមាត់ថ្មី នឹងចេញ​លក់​នៅ​ប្រទេស​ថៃ​ខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Nissan ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Kicks e-POWER ស៊េរីឆ្នាំ ២០២២ ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ជាមួយនឹងរូបរាងតួខ្លួន AUTECH​ style kit ដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសជប៉ុន។

បច្ចុប្បន្ននេះ Nissan មិនទាន់បានបង្ហាញពីព័ត៌មានលម្អិតណាមួយនៃម៉ូដែល Nissan Kicks e-POWER ឆ្នាំ ២០២២ នៅឡើយទេ ប៉ុន្តែរូបភាព Teaser បង្ហាញថា ប្រទេសថៃអាចទទួលបានកញ្ចប់រចនាតួខ្លួន AUTECH ស្រដៀងទៅនឹងរថយន្តដែលបានលក់នៅក្នុងប្រទេសជប៉ុន ដោយមានរបាអូសកាត់ក្រូម៉េ នៅជិតចង្កៀងកាត់អ័ព្ទ គម្របកញ្ចក់ចំហៀងក្រូម៉េ semi-gloss និងតែមក្រាហ្វិចឆ្នូតពណ៌ខៀវនៅលើប៉ាណាខាងមុខជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Kicks e-POWER AUTECH ត្រូវបានដាក់ជាម៉ូដែលខ្ពស់មួយនៅក្នុងទីផ្សារជប៉ុនបច្ចុប្បន្ន ដោយភ្ជាប់មកជាមួយនៅគ្រឿងន្ថែមពីម៉ូដែលធម្មតា ដូចជាប៉ាណាខាងមុខតុបតែងជាមួយក្រូម៉េខ្មៅជាមួយឡូហ្គោ AUTECH ចង្កៀងកាត់អ័ព្ទរាងជាឆ្នូត កាងក្រោមកាងខាងមុខ និងខាងក្រោយតុបតែងជាមួយពណ៌ប្រាក់ ថាសកង់ស្ព័រ AUTECH ទំហំ ១៧ អ៊ីញ ស្រោបជាមួយសំបកកង់ប្រភេទ 205/55 R17។

ចំណែកនៅផ្នែកខាងក្នុង​កាប៊ីន​ក៏​ត្រូវ​បាន​តុបតែង​​ផ្តាច់មុខ​សម្រាប់​ម៉ូដែល AUTECH ផង​ដែរ ដោយមានបំពាក់ជាមួយកៅអី​​ពណ៌​ខ្មៅ​-​ខៀវ ជាមួយឡូហ្គោ AUTECH, កុងសូល និង​កន្លែងដាក់​ដៃ​តុបតែង​ដោយ​ពណ៌ខៀវ បន្ទះ​ទ្វារ​តុបតែង​ដោយ​ស្បែក​ពណ៌​ខៀវ ដៃ​ចង្កូត​ស្បែក​ពិសេស​តុបតែង​ដោយស្បែកជាមួយថ្នេរដេពណ៌ខៀវ និងឡូហ្គោ AUTECH នៅលើចង្កឹះលេខផងដែរ។

ចំពោះម៉ាស៊ីនរបស់ Nissan Kicks e-POWER មុខមាត់ថ្មីនៅក្នុងប្រទេសថៃ នៅមិនទាន់មានព័ត៌មានផ្លូវការ នោះទេ ប៉ុន្តែសម្រាប់ Kicks e-POWER AUTECH នៅក្នុងទីផ្សារជប៉ុនវិញ វានៅតែដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ១២៩ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម