
រដ្ឋាភិបាលចិន បានបន្តការរឹតបន្តឹងថែមទៀតលើការផលិតរថយន្ត ដោយបានបង្កើតស្តង់ដាថ្មីសម្រាប់រថយន្តប្រភេទ PHEV គឺតម្រូវឲ្យបើកបរបានយ៉ាងហោចណាស់ ចាប់ពីចម្ងាយ ១០០គីឡូម៉ែត្រឡើងទៅ សម្រាប់ការរត់តែលើអគ្គិសនីសុទ្ធ។
កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ក្រសួងឧស្សាហកម្ម ក្រសួងហិរញ្ញវត្ថុ និងរដ្ឋបាលគយរបស់ចិន បានចេញសេចក្តីប្រកាសរួម ដោយកំណត់ស្តង់ដាថ្មីនូវរថយន្តប្រើថាមពល ដែលអាចទទួលបានការលើកទឹកចិត្តពន្ធ សម្រាប់ឆ្នាំ ២០២៦-២០២៧ ជាពិសេសកំណត់សម្រាប់រថយន្ត PHEV ពោលគឺត្រូវបង្កើនចម្ងាយបើកបរលើអគ្គិសនីសុទ្ធ ពី ៤៣គីឡូម៉ែត្រ ដល់យ៉ាងហោច ១០០គីឡូម៉ែត្រឡើងទៅ។
ការកំណត់ស្តង់ដាថ្មីនេះ គឺដើម្បីជំរុញការស្រាវជ្រាវ និងអភិវឌ្ឍលើរថយន្តប្រើថាមពលអគ្គិសនី ដែលធ្វើឲ្យក្រុមហ៊ុនផលិតត្រូវបង្ខំចិត្តអាប់ដេតរថយន្តរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
បច្ចុប្បន្នរថយន្ត PHEV នៅក្នុងប្រទេសចិនប្រមាណ ៤០% គឺស្ថិតនៅក្រោមចម្ងាយ ១០០គីឡូម៉ែត្រនៅឡើយ។ តែយ៉ាងណាមិញ សម្រាប់រថយន្ត PHEV របស់ BYD បានមកជាមួយចម្ងាយលើសពី ១០០គីឡូម៉ែត្រទៅហើយ ដូចជា Aito M5 អាចបើកបានចម្ងាយ ២៣០គីឡូម៉ែត្រ និង Tang DM-I បានចម្ងាយ ១៧៥គីឡូម៉ែត្រ៕