រថយន្ត SUV ខ្នាតកណ្តាលចំនួន ១០ម៉ូឌែល ដែលទទួលបានការពេញនិយមប្រើប្រាស់ច្រើនក្នុងស្រុកខ្មែរ (មានវីដេអូជាភាសាខ្មែរ)

សម្រាប់រថយន្ត SUV ខ្នាតកណ្តាលនៅលើទីផ្សារប្រទេសកម្ពុជាមានច្រើនសម្រាប់ជ្រើសរើសមែនទែន ហើយខាងក្រោមនេះគឺជារថយន្តដែលកំពុងទទួលបាននូវប្រជាប្រិយ និងប្រគួតប្រជែងខ្លាំងនាពេលបច្ចុប្បន្នចំនួន ១០ម៉ូឌែល ដោយមានតម្លៃចាប់ពីខ្ពស់បំផុត រហូតដល់ទាបបំផុត។

  • រថយន្តដំបូងគេគឺ Hyundai Palisade ស៊េរីឆ្នាំ ២០២៣ គឺជារថយន្តប្រភេទ SUV ៧ កៅអី ដ៏ប្រណីតដែលលេចធ្លោជាមួយនឹងរូបរាងទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ ប្រណិតភាព និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ចំណុចដែលចាប់អារម្មណ៍បំផុតនៅលើរថយន្តនេះគឺបានបំពាក់មកជាមួយអេក្រង់ភ្លោះទំហំសរុបរហូតទៅដល់ ២៤,៦អ៊ីញ។

ម៉ាស៊ីនសាំងចំណុះ ៣,៨L ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទប៉ុង២។ សម្រាប់រថយន្ត Hyundai Palisade មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ១០លីត្រ/១០០​​ គីឡូម៉ែត្រ និងមានតម្លៃលក់ខ្ទង់ ៨០ ០០០ដុល្លារឡើងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌែលទី២ Ford Everest ជំនាន់ថ្មី២០២៣ វាជារថយន្ត Luxury Off-Road SUV ៧ កៅអី ដែលបានផ្លាស់ប្តូរថ្មីទាំងស្រុង។ សម្រាប់ចំណុចដ៏លេខធ្លោបំផុតក្រៅពីរូបរាងថ្មីហើយ គឺបច្ចេកវិទ្យាដែលបានបំពាក់នៅលើរថយន្តនេះ ជាក់ស្តែងដូចជាប្រអប់លេខជំនាន់ថ្មី ១០វគ្គស្វ័យប្រវត្តិ ឬហៅថា e-shifter ដែលវាមានភាពវៃឆ្លាតក្នុងការជួយសម្រួលអ្នកបើកបរ។

ម៉ាស៊ីនម៉ាស៊ូតប្រភេទ Bi-turbo ចំណុះ ២,០លីត្រ ៤ស៊ីឡាំង កម្លាំង ២១០Ps និងកម្លាំងរមួល ៥០០Nm ដំណើរការដោយប្រអប់លេខជំនាន់ថ្មី(e-shifter) ១០វគ្គស្វ័យប្រវត្តិ។ សម្រាប់កម្រិតស៊ីប្រេងវិញ រថយន្តនេះជាមធ្យមស៊ីត្រឹម ៧-៨ លីត្រ/១០០​ គីឡូម៉ែត្រ ហើយមានតម្លៃលក់ចាប់ពី ៦៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Sport និងប្រភេទ Titanium តម្លៃ ៧៩ ៩០០ដុល្លារ។

  • ម៉ូឌែលទី៣ Toyota Fortuner Legender ២០២៣ គឺជារថយន្ត SUV ៧ កៅអី ដែលទទួលបានការនិយមប្រើប្រាស់រយៈពេលយូរឆ្នាំហើយ។ រថយន្តនេះមិនត្រឹមតែមានភាពមាំ និងអង់អាចនៅលើដងផ្លូវនោះទេ និងផ្តល់ជូននូវផាសុកភាព និង ប្រព័ន្ធសុវត្ថិភាពនៃការបើកប្រកមដោយទំនុកចិត្តផងដែរ។

Toyota Fortuner Legender ២០២៣​ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០Nm ភ្ជាប់ដោយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ ជាមធ្យមស៊ីប្រេង ៧-៨ លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ផ្លូវការខ្ទង់ ៧១ ៩០០ ដុល្លារ។

  • ម៉ូឌែលទី៤ Isuzu MU-X ស៊េរីឆ្នាំ​ ២០២៣ រថយន្ត SUV ៧ កៅអី ដែលមានសុវត្ថិភាពមួយ ជាមួយការទទួលបាននូវចំណាក់ថ្នាក់សុវត្ថិភាពផ្កាយ៥ និងផ្តល់នូវផាកសុលភាពក្នុងការបើកបរ​ជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ Independent Double Wishbone និង​ 5-Link Suspension។

កាន់តែសន្សំសំចៃ និងជួយបរិស្ថាន ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 3.0 Ddi កំរិត EURO4 ដែលអាចផលិតកម្លាំងបាន កម្លាំងសេះ ១៩០សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ដែលស៊ីប្រេងត្រឹមតែ ៦លីត្រ/១០០ គីឡូម៉ែត្រ មានតម្លៃលក់ខ្ទង់ ៧០ ៩០០ ដុល្លារ។

  • ម៉ូឌែលទី៥ Nisan Terra ស៊េរីឆ្នាំ​ ២០២៣ រថយន្តប្រភេទ SUV ខ្នាតកណ្តាលមួយដែលបានភ្ជាប់មកនូវភាពធំទូលាយ និងទំនើប ព្រមទាំងបំពាក់មកជាមួយម៉ាស៊ីនជួយដល់បរិស្ថានស្តង់ដារ Euro4

រថយន្ត Nisan Terra បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៩០Ps និងកម្លាំងរមួល ៤៥០Nm ភ្ចាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ និងមានកម្រិតស៊ីប្រេងចន្លោះពី ៨ ទៅ ៩ លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ ៦៩ ៩០០ដុល្លារ។

  • ម៉ូឌែលទី៦ Mitsubishi Pajero Sport ស៊េរីឆ្នាំ ២០២២ គឺជារថយន្តមិនអាចមើលរំលង ជាមួយរូបរាងរឹងមាំ ទំហំធំទូលាយ និងសមត្ថិភាពបើកបរគ្មានខ្លាចរអា ជាមួយប្រព័ន្ធ Super Select 4WDII របស់ខ្លួន។ សម្រាប់ប្រព័ន្ធជើងក្រោមនៃរថយន្តនេះ នៅផ្នែកខាងមុខវាបានបំពាក់មកជាមួយបូមប្រភេទ Independent Double Wishbone និងប៊ូមរ៉ឺស័រ និងផ្នែកខាងក្រោយប្រើប្រាស់ជាមួយប៊ូមរ៉ឺស័រ 3-Link Coil spring ហើយទាំងមុខ និងក្រោយគឺមានដៃឃ្លោង Stabilizer Barជំនួយផងដែរ។

ម៉ាស៊ីនម៉ាស៊ូត MIVEC ចំណុះ ២,៤លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។ រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យម ៧-៨ លីត្រ/១០០គីឡូម៉ែត្រ ជាមួយតម្លៃខ្ទង់ ៦៩ ៥០០ដុល្លារ។

  • ម៉ូឌែលទី៧ Kia Sorento ស៊េរីឆ្នាំ ២០២៣ គឺជារថយន្តប្រភេទ SUV ៧ កៅអី ដែលមានរូបរាងទាក់ទាញនៅលើដងផ្លូវ ផ្នែកខាងក្នុងធំទូលាយបំពាក់នៅគ្រឿងបរិក្ខាទំនើបៗ និងប្រណិតផ្តល់នៅផាសុកភាព ផ្តល់ទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

រថយន្ត Sorento បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Turbo អាចផលិតកម្លាំងបាន 200Ps និងកម្លាំងរមួល 436Nm ភ្ជាប់ជាមួយប្រអប់លេខDCT ៨វគ្គស្វ័យប្រវត្តិ ជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ៨លីត្រ ជាមួយតម្លៃលក់ផ្លូវការ ៦៥ ៩០០ដុល្លារ។

  • ម៉ូឌែលទី៨​ GAC GS8 ស៊េរីឆ្នាំ ២០២៣ សម្រាប់រថយន្ត SUV ៧ កៅអី មួយក៏ទទួលបាននូវការផ្លាស់ថ្មីទាំងស្រុងផងដែរ ដោយមានរូបរាងដ៏អំណាច បំពាក់នូវគ្រឿងបរិក្ខាទំនើបៗចុងក្រោយ ហើយអ្វីដែលចាប់អារម្មណ៍បំផុតនៅលើរថយន្តនេះគឺបំពាក់កាំមេរ៉ារហូតដល់ទៅ ៥៤០ដីក្រេ។

ចំពោះរថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៤៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ ដោយមានកម្រិតស៊ីប្រេងជាមធ្យម ៨,៣លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ផ្លូវការត្រឹមតែ ៦២ ៥០០ដុល្លារ។

  • ម៉ូឌែលទី៩ Mazda CX-9 ស៊េរីឆ្នាំ ២០២៣ មានរូបរាងដ៏ពិសេសជាមួយការរចនាប័ទ្មបែប KODO-Design ដោយវិស្វករជប៉ុន ដែលធ្វើឲ្យរថយន្តនេះមានរូបរាងដ៏ទាក់ទាញនៅលើដងផ្លូវ ព្រមទាំងបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យ។

រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំង Sky-active ចំណុះ ២,៥លីត្រ Turbo អាចផលិតកម្លាំងបាន ២៣០Ps និងកម្លាំងរមួល ៤២០Nm ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ ជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ៩-១០លីត្រ ជាមួយតម្លៃលក់ផ្លូវការ ៥៩ ៩០០ ដុល្លារ។

  • និងចុងក្រោយម៉ូឌែលទី១០ MG RX8 Black Edition ២០២២ ជារថយន្ត៧ កៅអីរបស់ក្រុមហ៊ុន MG ដែលមានរូបរាងអង់អាច ទូលាយ និងមានកម្លាំងខ្លាំងដែលអាចបើកបរជំនះគ្រប់ស្ថានភាពផ្លូវ។

សម្រាប់រថយន្ត MG RX8 Black Editionស៊េរីឆ្នាំ ២០២២ ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២២០សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ​ និងជំនួយដោយ Paddle shifter សម្រាប់បើកបរចម្ងាយ ១០០គីឡូម៉ែត្រជាមធ្យមស៊ីប្រេង ៨ -៩ លីត្រ ជាមួយតម្លៃខ្ទង់ជាង ៥ម៉ឺនដុល្លារ៕

  • សម្រាប់វីដេអូ៖
ផ្ទាំងផ្សាយពាណិជ្ជកម្ម