
រថយន្ត SUV ប្រភេទ Plug-in hybrid ម៉ូឌែល Geely Galaxy Cruiser 700 បានបង្ហាញវត្តមាននៅក្នុងប្រទេសចិន។ តាមការរំពឹងទុករថយន្តមួយនេះ នឹងត្រូវដាក់លក់នៅក្នុងទីផ្សារប្រទេសចិននៅក្នុងឆ្នាំនេះ ហើយនឹងពង្រីកវិសាលភាពទៅដល់ទីផ្សារក្រៅប្រទេសនៅក្នុងឆ្នាំ២០២៧ ខាងមុខ។
Geely Galaxy Cruiser 700 ជារថយន្តអាចបើកបរផ្លូវលំបាក Off-road ដោយសារតែវាត្រូវបានបំពាក់នូវប្រព័ន្ធម៉ូទ័រភ្លោះ (Fluid-coupled dual-motor) ផ្ដល់ជូននូវសមត្ថភាពដ៏ខ្លាំងក្លា។ សម្រាប់រថយន្ដនេះនៅក្នុងប្រទេសចិនវាមានឈ្មោះថា Zhanjian 700។ ចំពោះរថយន្ដ Galaxy Cruiser 700 ជាម៉ូឌែលផលិតក្នុងខ្សែសង្វាក់ទ្រង់ទ្រាយធំ ដែលអភិវឌ្ឍចេញពីរថយន្តគំរូ Galaxy Cruiser ត្រូវបានដាក់បង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍រថយន្តទីក្រុងស៊ាងហៃឆ្នាំ២០២៥ (Shanghai Auto Show 2025)។
គួរបញ្ជាក់ថា Galaxy Cruiser 700 ជារថយន្ត SUV បែប Off-road ដំបូងបង្អស់ពីម៉ាកយីហោ Geely Galaxy។ បើនិយាយពីរចនាបថរូបរាងរថយន្ដនេះត្រូវបានឌីស្សាញបែបប្រអប់ជ្រុងៗ និងមានកម្ពស់បាតក្រោមខ្ពស់ពីដីគួរឲ្យកត់សម្គាល់ ។ បន្ថែមពីនេះរថយន្ត Cruiser 700 ត្រូវបានគេប្រទះឃើញកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសចិន អំឡុងពេលបើកបរសាកល្បងនៅលើដងផ្លូវ បន្ទាប់ពីវាត្រូវបានគេបង្ហាញរូបរាងទុកជាមុន ក្នុងនាមជាគូប្រជែងរបស់រថយន្ត Land Rover Defender។
បើយោងតាមប្រកាសពី Geely Galaxy រថយន្ត SUV បែប Off-road ម៉ូឌែល Cruiser 700 នឹងបំពាក់នូវប្រព័ន្ធថាមពលកូនកាត់ Plug-in hybrid system ដំណើរដោយម៉ាសុីនកសាំម៉ាស៊ីនរួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងរហូតដល់ ៨៣០គីឡូវ៉ាត់ ឬស្មើនឹង ១ ១១៣សេះ។
បន្ថែមពីនេះរថយន្ត Geely Galaxy Cruiser 700 ក៏មានបំពាក់នូវសេនស័រ LiDAR នៅលើដំបូលផងដែរ ដែលជាការបង្ហាញឱ្យដឹងថា វាអាចនឹងប្រើប្រាស់យ៉ាងហោចណាស់ក៏ប្រព័ន្ធជំនួយការបើកបរ G-ASD G-Pilot H5 ដែរ ដែលប្រព័ន្ធនេះគឺសមស្របបំផុតសម្រាប់មុខងារបើកបរស្វ័យប្រវត្តិតាមការកំណត់ Navigate On Autopilot (NOA) ទាំងនៅលើផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿន (Highways)។
អ្វីដែលកាន់តែពិសេស រថយន្ត Galaxy Cruiser 700 នឹងផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រង (Dynamic control system) ដែលអភិវឌ្ឍឡើងដោយផ្ទាល់ដៃរបស់ក្រុមហ៊ុន អាចឲ្យរថយន្តនេះបើកបរឆ្លងកាត់ការធ្វើតេស្តគេចឧបសគ្គបន្ទាន់ ក្នុងល្បឿនរហូតដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះនឹងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិនូវរបៀបបើកបររវាង ប៉ុងមុខ (FWD) ប៉ុងក្រោយ (RWD) និងប៉ុងពីរ (AWD)។
មុខងារពិសេសៗផ្សេងទៀត រួមមាន របៀបបើកបរដំណើរក្តាម (Crab-walking) មុខងារបត់មួយជុំ (U-turn) ប្រព័ន្ធជំនួបើកបរពេលផ្ទុះកង់ និងប្រព័ន្ធគេចពីឧបសគ្គដោយស្វ័យប្រវត្តិតជាប់គ្នា លើសពីនេះវាក៏មានសមត្ថភាពបើកកាត់ទឹកបានជម្រៅ ៨០០ មីលីម៉ែត្រ និងមានសមត្ថភាពតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបថែមទៀតផង៕

















