[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៃរថយន្ត all-new Suzuki Celerio ស៊េរីឆ្នាំ ២០២៣ ដែលរថយន្តកូនកាត់ sedan និង hatchback ខ្នាតតូចមាន ២ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃចាប់ផ្តើមពី ១៣ ២៩៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសហ្វីលីពីន។
សម្រាប់រថយន្ត Suzuki Celerio ស៊េរីថ្មីដែលចេញលក់ក្នុងប្រទេសហ្វីលីពីន គឺជារថយន្តផលិតឡើងវិញនៃរថយន្ត Maruti Suzuki Celerio ដែលចេញលក់ក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំ ២០២១ ហើយត្រូវបានដាក់ជាគូប្រជែងជាមួយ Honda Brio និង Toyota Wigo ដែលសុទ្ធសឹងតែជារថយន្ត hatchback ទ្វារ៥ និងមានការកែច្នៃតិចតួចផងដែរនៅក្នុងទីផ្សារហ្វីលីពីន។
ចំពោះការរចនាផ្នែកខាងក្រៅរបស់ Suzuki Celerio ជំនាន់ទេ៣ ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីទំហំនៃរថយន្ត ហើយក៏មានទំហំធំជាងម៉ូដែលពីមុន ដោយមានមានប្រវែងសរុប ៣ ៦៩៥ ម.ម ទទឹង ១ ៦៥៥ ម.ម កម្ពស់ ១ ៥៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៣៥ ម.ម។
រថយន្ត Suzuki Celerio ដែលចេញលក់ក្នុងប្រទេសហ្វីលីពីនត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារដូចជា ចង្កៀងមុខប្រភេទ halogen និងអំពូលកាត់អ័ព្ទចំនួនពីរ, ថាសកង់ស្ព័រទំហំ ១៥ អ៊ីញ, អង់តែនដំបូល, អេក្រង់ព័ត៌មានកម្សាន្ត ទំហំ ៦,២ អ៊ីញ ការតភ្ជាប់ប៊្លូធូស និងប៊ូតុងបញ្ជាសំឡេងនៅលើដៃចង្កូតជាដើម។
បើនិយាយពីម៉ាស៊ីនវិញ រថយន្តដំណើរការដោយតែម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ស៊ីឡាំងប៉ុណ្ណោះ ដែលផលិតកម្លាំងបាន ៦៦ សេះ កម្លាំងរមួល ៨៩ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខពាក់កណ្តាលស្វ័យប្រវត្តិ៕