
ក្រុមហ៊ុន Toyota បានបញ្ជាក់ថារថយន្តប្រណីតត្រកូល Century ជំនាន់ក្រោយរបស់ខ្លួននឹងមិនមានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងបន្ដប្រើប្រាស់ប្រព័ន្ធថាមពលម៉ាស៊ីនចំហេះខាងក្នុង (ICE) សម្រាប់ទំហំចំនួនស៊ីឡាំងនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
មុនពេលការពង្រីកជាសាកលនៃយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ចាប់តាំងពីការដាក់លក់ដំបូងក្នុងឆ្នាំ ១៩៦៧ នៅប្រទេសជប៉ុន ក្រុមហ៊ុន Toyota បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី CarExpert ថាប្រព័ន្ធថាមពលរបស់ខ្លួននៅមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ បន្ទាប់ពីរថយន្ដគម្រូ Century ជំនាន់ក្រោយ បានបង្ហាញខ្លួននៅពិព័រណ៍ Japan Mobility Show (JMS) ក្នុងទីក្រុងតូក្យូ កាលពីខែតុលា។
លោក Takashi Uehara ប្រធានផ្នែកប្រព័ន្ធថាមពលរបស់ Toyota បានថ្លែងថា៖ “យើងមិនទាន់បានសម្រេចចិត្តថាតើម៉ាស៊ីនប្រភេទណាដែលនឹងត្រូវបានដំឡើងនៅឡើយទេ”។ ខណៈដែលលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមណាមួយ នៅពេលត្រូវបានស្នើសុំឲ្យបញ្ជាក់ថា តើម៉ូឌែល Century ថ្មីនេះនឹងជារថយន្តប្រើប្រាស់ចំហេះក្នុង (ICE) ឬជារថយន្តអគ្គិសនីប្រើអគ្គិសនិសុទ្ធ (EV) នោះទេ ប៉ុន្តែលោក Uehara បាននិយាយយ៉ាងខ្លីថា៖ “បាទ វានឹងមានម៉ាស៊ីន”។
ជាមួយចម្លើយនេះអាចបញ្ជាក់បានថារថយន្ត Toyota Century ជំនាន់ក្រោយនឹងមិនមានជម្រើសប្រើអគ្គិសនីសុទ្ធទេ។ ជាមួយគ្នានេះរថយន្ដនេះអាចនឹងប្រើម៉ាសុីនទំហំ ៨សុីឡាំង ដែលលោក Uehara បានប្រាប់ CarExpert ថានឹងត្រូវប្រើប្រាស់នៅក្នុងរថយន្ត Lexus Supercar ជំនាន់ក្រោយ និងរថយន្ត Toyota GR GT (Performance Flagship) ដែលនឹងត្រូវបង្ហាញខ្លួននៅចុងសប្តាហ៍នេះ ទោះបីជាមិនទាន់ច្បាស់ថាតើវានឹងត្រូវអនុវត្តដាច់ដោយឡែក ឬជាផ្នែកមួយនៃប្រព័ន្ធ V8 Petrol-Electric Hybrid ថ្មីក៏ដោយ។
រថយន្ត Century sedan ធ្លាប់ជារថយន្ត Toyota តែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្តនេះ ដែលមានម៉ាស៊ីនទំហំដល់ ១២សុីឡាំង។ រថយន្ត Limousine ជំនាន់ទីពីរ (ឆ្នាំ ១៩៩៧–២០១៧) ប្រើប្រាស់ម៉ាស៊ីនចំណុះ ៥.០ លីត្រ ទំហំ១២សុីឡាំង។ ម៉ាស៊ីនទំហំ១២សុីឡាំងនេះ ត្រូវបានជំនួសដោយប្រព័ន្ធថាមពលកូនកាត់ (hybrid powertrain) ដែលមានមូលដ្ឋានលើម៉ាស៊ីន 2UR-FSE Petrol ទំហំ៨សុីឡាំង សម្រាប់រថយន្ត Century sedan ជំនាន់ទីបីនៅឆ្នាំ ២០១៨ ហើយត្រូវបានប្រើប្រាស់លើរថយន្ត Lexus LS600h ដែលបានលក់នៅអូស្ត្រាលីចន្លោះឆ្នាំ ២០០៤ ដល់ ២០១២។
Century បានដាក់បង្ហាញរថយន្តប្រភេទ SUV លើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ហើយវាកំពុងដាក់លក់នៅក្នុងប្រទេសជប៉ុនជាមួយនឹងប្រព័ន្ធថាមពលកូនកាត់ Plug-in Hybrid ដែលមានមូលដ្ឋានលើម៉ាស៊ីនសាំងចំណុះ៣.៥ លីត្រ ទំហំ៦សុីឡាំង ខណៈរថយន្ត Century ប្រភេទ Sedan បានប្រើម៉ាស៊ីនទំហំ៨សុីឡាំង៕




















