[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការត្រៀមដាក់បង្ហាញចេញនៅរថយន្ត Toyota Innova ជំនាន់ថ្មី នៃរថយន្តប្រភេទ MPV របស់ខ្លួន ជាមួយការរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា និងបន្ទាប់មកប្រទេសឥណ្ឌានៅដើមឆ្នាំ ២០២៣ ជាមួយនឹងឈ្មោះផ្សេងគ្នា។
គួរឲ្យដឹងថា ម៉ូដែលនេះ ជាផលិតផលដែលលក់ទូទាំងពិភពលោក ជាមួយឈ្មោះរថយន្តហៅផ្សេងគ្នាដោយអាស្រ័យលើទីផ្សារ។ ក្នុងនោះ នៅអាស៊ីអាគ្នេយ៍ Innova ជំនាន់ថ្មីនឹងត្រូវបានគេហៅថា Zenix ខណៈដែលនៅអាស៊ីខាងត្បូងគេហៅថា Hycross ។
បន្ថែមពីនេះ Toyota បានចុះបញ្ជីពាណិជ្ជសញ្ញា Innova Zenix ក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងឯកសារ ឈ្មោះនេះត្រូវបានចុះឈ្មោះសម្រាប់ការការពារពាណិជ្ជសញ្ញាពី 24/7 ។ ទន្ទឹមនឹងនេះដែរ ឈ្មោះម៉ាក Innova Hycross ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានប្រើសម្រាប់ផលិតផលនេះនៅពេលវាចាប់ផ្តើមដាក់បង្ហាញនៅដើមឆ្នាំ ២០២៣។
កាលពីសប្តាហ៍មុន Innova ជំនាន់ថ្មីត្រូវបានគេប្រទះឃើញបើកបរការធ្វើតេស្តលើដងផ្លូវក្នុងប្រទេសឥណ្ឌាជាមួយនឹងការបិទបាំងតួខ្លួនដែលធ្វើឲ្យពិបាកសម្គាល់ ប៉ុន្តែហាក់បីដូចជា ចង្កៀងមុខរបស់ម៉ូដែល MPV ជំនាន់ក្រោយគឺស្លីមជាងមុន កាងខាងមុខ និងខាងក្រោយអាចមានការផ្លាស់ប្តូរ រួមជាមួយនឹងភាពខុសគ្នានៃប៉ាណាមុខផងដែរ ។
នៅក្នុងប្រទេសឥណ្ឌា Innova ជំនាន់ថ្មី នឹងធ្វើការអាប់ដេតកាន់តែទំនើបជាងម៉ូដែលបច្ចុប្បន្ន ដូចជាកុងទ័រឌីជីថល, កាំមេរ៉ា ៣៦០ ដឺក្រេ, ដំបូលកញ្ចក់ sunroof, រន្ធសាក USB និងកន្លែងសាកថ្មឥតខ្សែ ក៏ដូចជាជម្រើសអេក្រង់កំសាន្ត touchscreen ទំហំធំជាដើម។ លើសពីនេះ ក៏មានហ្វ្រាំងដៃអេឡិចត្រូនិក និងចង្កៀងមុខប្រភេទ LED ផងដែរ។
ជាពិសេស Innova Hycross នឹងលែងមានជម្រើសម៉ាស៊ីនម៉ាស៊ូតទៀតហើយ ហើយនឹងមានតែប្រព័ន្ធ Hybrid ដូចរថយន្ត Toyota Hyryder ទើបតែលក់នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំនេះ។ ប៉ុន្តែជំនួសឱ្យម៉ាស៊ីនចំណុះ ១,៥ លីត្រ នឹងម៉ាស៊ីនចំណុះ ២,០ លីត្ររួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី៕