
ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំគម្រោងផែនការក្នុងការដាក់បង្ហាញចេញនូវរថយន្ត Land Cruiser FJ ដែលជារថយន្តប្រភេទ SUV ខ្នាតតូចរបស់ពួកគេនៅនៅពាក់កណ្តាលឆ្នាំ ២០២៥ នេះ (ចន្លោះខែមិនាដល់ខែឧសភា)។
ក្នុងនោះ រថយន្តនេះ អាចនឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅកម្មវិធី Japan Mobility Show ក្នុងខែតុលា។ខណៈបច្ចុប្បន្ន Toyota នៅមិនទាន់បង្ហាញចេញនូវព័ត៌មានលម្អិតបន្ថែមអំពី Land Cruiser FJ នៅឡើយទេ ប៉ុន្តែតម្លៃនឹងបញ្ចេញជាផ្លូវការនៅពេលប្រកាសចេញលក់។
ចំពោះរថយន្តនេះ អាចនឹងក្លាយជាជម្រើសដ៏សក្ដិសមសម្រាប់អ្នកចូលចិត្តរថយន្ត 4×4 ដោយរថយន្ត Land Cruiser FJ ត្រូវបានគេរំពឹងថានឹងជាជំនាន់បន្តនៃ FJ Cruiser ដែលធ្លាប់មានលក់ពីឆ្នាំ ២០០៦ ដល់ ២០២២ ។
ជាមួយគ្នានេះ បើយោងតាមការរាយការណ៍ Land Cruiser FJ នឹងប្រើគ្រោងឆ្អឹង IMV-0 ដែលជាមូលដ្ឋានដូច Tamaraw ជំនាន់ថ្មី ដែលត្រូវបានប្រើសម្រាប់ការអភិវឌ្ឍ Hilux និង Fortuner ជំនាន់ក្រោយ។ លើសពីនេះ ម៉ូដែលថ្មីនេះ អាចនឹងទទួលបានទាំងជម្រើសម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ដែលអាចផ្តល់កម្លាំងខ្លាំង និងសន្សំសំចៃប្រេងជាងមុនផងដែរ៕