របាយការណ៍ថ្មី៖ Apple កំពុងពិភាក្សាជាមួយ Toyota អំពីឡានអគ្គិសនីរបស់ខ្លួន

រថយន្តអគ្គិសនី Apple Car ត្រូវបានគេនិយាយថា កំពុងឈានឆ្ពោះទៅរកការពិតហើយ ខណៈ Apple កំពុងពិភាក្សាជាមួយ Toyota អំពីអនាគតរបស់វា។

ចាប់តាំងពីក្រុមហ៊ុន Apple បានចាប់ផ្តើមគម្រោងរថយន្តរបស់ខ្លួនឡើងវិញ កាលពីចុងឆ្នាំមុនមក វាបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ផ្នែកយានយន្តជាច្រើន ដើម្បីព្យាយាម និងនាំយកវាទៅទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា នៅដើមឆ្នាំនេះ វាបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Hyundai ហើយក៏បានជួបជាមួយអ្នកផ្គត់ផ្គង់ចិនជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្គត់ផ្គង់ទាំងនេះមិនមានឆន្ទៈអនុញ្ញាតឲ្យ Apple ផលិតអាគុយនៅសហរដ្ឋអាមេរិកឡើយ។

ដោយឡែក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ Apple បានជួបពិភាក្សាជាមួយក្រុមហ៊ុន ដូចជា Panasonic, LG, Samsung និង SK Innovation ហើយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Apple បានចរចាជាមួយក្រុមហ៊ុន Toyota ទៀតផង។

សូមបញ្ជាក់ថា ដោយសារក្រុមហ៊ុន Apple ទើបប្រឡូកខ្លួនថ្មីសម្រាប់ឧស្សាហកម្មរថយន្ត ដូច្នេះវានឹងពឹងផ្អែកលើដៃគូផលិត ដើម្បីផលិតយានយន្តជាជាងគ្រប់គ្រងការផលិតដោយខ្លួនឯង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម