រថយន្តមួយទឹកដែលនាំចូលមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ទទួលបានការពេញនិយមខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ហើយរថយន្តដែលបើកបរលើដងផ្លូវភាគច្រើននាពេលបច្ចុប្បន្ននេះសុទ្ធតែមានអាយុកាលជិត ២០ឆ្នាំទៅហើយ ដូចជា Lexus RX300 ស៊េរីឆ្នាំ ២០០១ និង RX 330 ស៊េរីឆ្នាំ ២០០៥ ឬ Land Rover Sport ឆ្នាំ ២០០៨ ជាដើម។
ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាទីផ្សាររថយន្តនៅកម្ពុជាមានការផ្លាស់ប្តូរខុសពីមុន ដោយអ្នកនិយមប្រើប្រាស់រថយន្តថ្មីៗរបស់ក្រុមហ៊ុននាំចូលផ្លូវការ មានកំណើនកាន់តែច្រើនឡើង។ ជាក់ស្ដែង នៅឆ្នាំ ២០២០ នេះបើតាមការប៉ាន់ស្មាន ចំនួនរថយន្តដែលលក់លើទីផ្សារ មាន ២៥% ជារថយន្តថ្មី ប្រៀបទៅឆ្នាំ ២០១៧ ចំនួនរថយន្តថ្មីមានត្រឹម ១០% ប៉ុណ្ណោះ។
ការកើនឡើងចំនួនអ្នកប្រើប្រាស់រថយន្តថ្មីនេះដែរ ក៏ដោយសារកាលពីខែមេសា គេសង្កេតឃើញថាក្រុមហ៊ុនលក់រថយន្តថ្មីភាគច្រើនបានដាក់ចេញនូវប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើន។ សម្រាប់ហាងនាំចូលរថយន្តមួយទឹកឯណោះវិញ ត្រូវជួបបញ្ហាក្រពុលមុខទាក់ទងនឹងការដឹកជញ្ជូន ដែលបង្កឡើងដោយសារការរាតត្បាតនូវជំងឺកូវីដ១៩។
ការបញ្ចុះតម្លៃរថយន្តពីសំណាក់ហាងលក់រថយន្តមិនមែនជាចំណុចទាក់ទាញចិត្តតែមួយគត់នោះទេ ប៉ុន្តែអតិថិជនមួយចំនួនក៏ចង់ទទួលយកបទពិសោធន៍នៃការធានាពោរពេញដោយទំនុកចិត្ត ទទួលបានការឲ្យតម្លៃពីហាងលក់រថយន្តទំនើបទាន់សម័យ រួមជាមួយកញ្ចប់កាដូ ដែលហាងលក់រថយន្តមួយទឹកមិនមានផ្ដល់ជូន៕