កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផ្សាយផ្ទាល់នៃកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា” ក្រោមការចូលជាវាយគ្មិនដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ជាមួយការគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី និងព្រមទាំងបានឆ្លើយសំណួរដែលបានលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះផងដែរ។
ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និងបានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមនុស្សស្លាប់ជាមធ្យមពី ៤នាក់ទៅ ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និងថវិការហូតទៅដល់ ៣០០ទៅ ៤៥០លានដុល្លាក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្នុងព្រះរាជាណាចក្រកម្ពុជាគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្តអគ្គិសនីក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេលដដែលក្នុង ២០២១ មានចំនួន ៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។
ដោយយោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕