[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ចេញនៅរថយន្ត all-new Mondeo ជាផ្លូវការនៅ មជ្ឈមណ្ឌលរចនាប្រទេសចិនរបស់ Ford ក្នុងទីក្រុងសៀងហៃ ខណៈដែលរថយន្តស៊េរីថ្មីខ្នាតមធ្យមត្រូវបានបម្រុងទុកសម្រាប់ទីផ្សារប្រទេសចិនទាំងស្រុង។
ខណៈ Mondeo ថ្មីបញ្ចូលការរចនាចុងក្រោយបង្អស់របស់ Blue Oval បើប្រៀបធៀបទៅនឹងជំនាន់មុន ម៉ូដែលថ្មីនេះមានទំហំធំទូលាយជាង ២៣ មម និងវែងជាង ៦៣ មម ជាមួយនឹងប្រវែងសរុប ៤,៩៣៥ មម ។ ក្រុមហ៊ុន Ford មិនបានប្រាប់ព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែរំពឹង Mondeo នឹងប្រើប្រាស់ស្ថាបត្យកម្មដូចនឹងរថយន្ត Ford Evos និង Lincoln Zephyr តែមួយគត់របស់ប្រទេសចិន។
ការរចនាបែប coupe-style ធ្វើឲ្យរថយន្ត Mondeo ស៊េរីថ្មីមានលក្ខណៈកាន់តែស្ព័រ។ រថយន្តនេះមានផ្នែកខាងមុខបំពាក់ដោយចង្កៀងមុខ និងប៉ាណាស្រដៀងនឹង Evos ។ សម្រាប់តួខ្លួនមានលក្ខណៈរឹងមាំជាងជំនាន់មុនទាំងអស់ ដោយមានកាងក្រោយដូចរថយន្ត Mustang និងក្រាហ្វិកភ្លើងក្រោយជដើម។
នៅផ្នែកខាងក្រោយ មានកញ្ចក់ខាងក្រោយ ដែលលាតសន្ធឹងទៅដល់កាងលំអ ខណៈដែលអំពូលភ្លើងខាងក្រោយ និងអក្សរ Mondeo ធ្វើឱ្យមានភាពកាន់តែទាក់ទាញផងដែរ។ កាងខាងក្រោយមានលក្ខណៈក្រូម៉េ និងកាងលំហូខ្យល់ជាដើម។ តាមរូបភាពបែកធ្លាយដែលលេចចេញកាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Ford ទំនងជានឹងបង្ហាញនូវប្រភេទ ST-Line បែបស្ព័រជាង ជាមួយនឹងកាង និងកង់ខុសៗគ្នា។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ford មិនរួមបញ្ចូលព័ត៌មានអំពីលក្ខណៈបច្ចេកទេសនោះទេ បើទោះបីជាផ្លាកសញ្ញា Ecoboost 245 នៅលើទ្វាខាងក្រោយរថយន្តបង្ហាញអំពីម៉ាស៊ីនចំណុះ ២,០ លីត្រ ដូចគ្នានឹងម៉ូដែល Evos ដែលទំនងជាភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គផងដែរ។
ក្នុងនោះក្រុមហ៊ុន Ford មិនបានបង្ហាញពីផ្នែកខាងក្នុងនៃ Mondeo ថ្មីនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបំពាក់កុងទ័រដូចនឹង Evos ដែរ។ នេះមានន័យថា រថយន្តនេះនឹងបំពាក់ជាមួយ កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៊ីញ សម្រាប់ SYNC+ 2.0 infotainment ជាមួយនឹងកម្រិត 4K ។ ក្នុងនោះរថយន្តនេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានការបើកបរដោយស្វ័យប្រវត្តិកម្រិត ២+ ដូច Zephyr ផងដែរ ៕