[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្ត Hongqi E-HS ដែលជាម៉ូដែលខ្ពស់បំផុតរបស់ក្រុមហ៊ុនមុនពេលដាក់បង្ហាញជាផ្លូវការក្នុងប្រទេសចិនខាងមុខនេះ។
សម្រាប់រថយន្តនេះ មានប្រវែងសរុប ៥ ៦៩៥ ម.ម ទទឹង ២ ០៩៥ ម.ម កំពស់ ១ ៩៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០៩ ម.ម ។ ខណៈ រូបរាងផ្នែកខាងក្រៅនៃរថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយប៉ាណាមុខដ៏ធំប្លែកនិងទាក់ទាញរួមជាមួយនឹងឡួហ្គោ Hongqi, ចង្កៀងមុខប្រភេទ LED និងចង្កៀងកាត់អ័ព្ទបញ្ឈរដែលមានគុជ៣គ្រាប់ ធ្វើឲ្យរថយន្តនេះកាន់តែទំនើប។
រីឯ ផ្នែកចំហៀងនៃរថយន្តមានសភាពរឹងមាំ និងមានស៊ុមកញ្ចក់ក្រូម៉េ ជាមួយទង់ជាតិក្រហមនៅលើកាតាប៊ូខាងមុខ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង តុបតែងដោយក្រូម៉េ កាងខាងក្រោយដ៏ធំជាមួយនឹងការតុបតែងក្រូម៉េផងដែរ។
ចំណែកនៅផ្នែកខាងក្នុងនៃរថយន្តម៉ូដែលខ្ពស់បំផុតនេះវិញ ត្រូវបានតុបតែងដោយបន្ទះឈើដ៏ប្រណិត និងស្បែកគ្របដោយការតុបតែងពណ៌មាស ដៃចង្កូតរចនាបែបបុរាណ ដៃទ្វាពណ៌មាស កុងទ័រព័ត៌មាននិងអេក្រង់កំសាន្តទំហំធំនៅលើកុងសូលកណ្តាលផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ turbocharged ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៣៦០ សេះ និងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង៕