រូបរាងកាចណាស់! ឡានអគ្គិសនី Avita 011 MMW សាកថ្មម្តងជិះបានខ្ទង់ ៧០០គីឡូម៉ែត្រ មានលក់តែ ៥០០គ្រឿងប៉ុណ្ណោះ នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Avita បានសហការជាមួយក្រុមហ៊ុន Changan, Huawei និង CATL បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Avita 011 ជាមួយតម្លៃកក់ទុកមុនត្រឹមតែ ១ ៤៨៥ ដុល្លារ នឹងមានលក់ជាមួយចំនួនកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។

គួរឲ្យដឹងថា រថយន្តអគ្គិសនី Avita 011 បានសហការជាមួយអ្នករចនាម៉ាកយីហោប្រណិតអន្តរជាតិ លោក Matthew M. WILLIAMS ដែលជានាយកច្នៃប្រឌិតរបស់ Givenchy ដើម្បីបង្កើតរថយន្តថ្មីដោយផ្អែកលើគំនិត emotional intelligence នៃ Avita Limited Edition ប្រើប្រាស់ពណ៌ចម្រុះ បូករួមទាំងរបារភ្លើងពណ៌ខ្មៅ ការតុបតែងពណ៌ខ្មៅជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Avita 11 ត្រូវបានរចនាឡើងដោយ Avita Global Design Center នៅទីក្រុង Munich  ប្រទេសអាល្លឺម៉ង់ជាមួយនឹងគំនិតរចនា “futuristic”  ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខរាង F ដែលអបជាមួយភ្លើងបំភ្លឺពេលថ្ងៃ នឹងបានបង្កើតភាពមុតស្រួច រាងអក្សរ V ហើយរចនាប័ទ្ម coupe-style ។ ផ្នែកខាងក្រោយភ្ជាប់មកជាមួយចង្កៀង LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កាងក្រោយពណ៌ខ្មៅ ហ្រ្វាំងខាងមុខពណ៌ស និងឡូហ្គោ AVATR MMW ជុំវិញរថយន្តផងដែរ។

ចំពោះផ្នែកខាងក្នុងកាប៊ីនរចនាជាមួយពណ៌ខ្មៅ មានភ្ជាប់មកជាមួយអេក្រង់កំសាន្តបញ្ឈទំហំ ១៥,៦ អ៊ីញ ភ្ជាប់ជាមួយនឹងប្រព័ន្ធ Huawei Hongmeng កុងទ័រព័ត៌មាន full LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តនៅកៅអីអ្នកដំណើរទំហំ ១០,២៥ អ៊ីញ និងបចេ្ចកវិទ្យាដ៏ទំនើបជាច្រើនទៀតត្រួវបានបំពាក់ទៅលើរថយន្តនេះផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បានបំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះរបស់ Huawei ផលិតកម្លាំង ៥៧០ សេះ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣ វិនាទី ភ្ជាប់ជាមួយអាគុយទំហំ ៩០,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦០០ – ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រឆ្នាំងសាកដែលមានកម្លាំងសាករហូតដល់ ២៤០ គីឡូវ៉ាត់ អាចសាក ៣០ ទៅ ៨០% ក្នុងរយៈពេល ១៦ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម