
ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ជប៉ុនបានធ្វើការប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តមួយជាមួយរដ្ឋាភិបាលក្រុងសៀងហៃកាលពីថ្ងៃទី ២២ ខែមេសា ដោយកិច្ចព្រមព្រៀងនេះមានគោលបំណងសំខាន់ដើម្បីអភិវឌ្ឍរថយន្តថាមពលថ្មី ឫ New Energy Vehicles (NEVs) នៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយរបស់ចិន។
ចំពោះចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺជាការសាងសង់រោងចក្រថ្មីមួយសម្រាប់ផលិតរថយន្តអគ្គិសនីម៉ាក Lexus នៅក្នុងប្រទេសចិន។ ក្នុងនោះ រោងចក្រនេះនឹងគ្រប់គ្រងទាំងស្រុងដោយ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តបរទេសទី ២ ដែលអភិវឌ្ឍរោងចក្រក្នុងប្រទេសចិនដោយខ្លួនឯង បន្ទាប់ពី Tesla Gigafactory ។ គួរឲដឹងថា ក្នុងគម្រោងនេះ ក្រុមហ៊ុនToyota នឹងវិនិយោគប្រាក់ចំនួន ១៤,៦ ពាន់លានយន់ (ប្រហែល ២ ពាន់លានដុល្លារ) ជាមួយផ្ទៃដីចំនួន ២៧៧ ហិចតា។
សម្រាប់រោងចក្រនេះ នឹងរួមបញ្ចូលនូវការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិត និងលក់ ជាពិសេសផ្តោតលើរថយន្តអគ្គិសនី Lexus និងបច្ចេកវិទ្យាថ្មទំនើប។ បើយោងតាមការរាយការណ៍ពីសារព៌ត័មាននៅក្នុងប្រទេសចិនផ្ទាល់បានឲដឹងថា ផលិតផលទាំងអស់នឹងប្រើប្រាស់នូវគ្រឿងបន្លាស់ក្នុងស្រុកចិនលើសពី ៩៥ភាគរយ ដែលអាចជួយកាត់បន្ថយចំណាយ និងតម្លៃលក់បានដល់ទៅ ២០ភាគរយ ប្រសិនបើប្រៀបធៀបនឹងការនាំចូល រួមជាមួយនឹងគោលដៅលក់រថយន្តអគ្គិសនីចំនួន ១ លានគ្រឿង ក្នុងមួយឆ្នាំនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០៕