រោងចក្រដំឡើងរថយន្ត BYD ដែលទើបតែបានសាងសង់រួចរាល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយនៃការសម្រេចបាន ក្រោមគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០។
រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើងរថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ។
យោងតាមខ្លឹមសារក្នុងគោលនយោបាយនេះ ឲ្យដឹងថា ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់នៃគ្រឿងបង្គុំជាធាតុដ៏មានសារៈសំខាន់ដែលអាចឈានឆ្ពោះទៅរកការនាំចេញទៅទីផ្សារក្នុងតំបន់ ដោយត្រូវចាប់ផ្តើមពីឧស្សាហកម្មផលិតគ្រឿងបង្គុំដែលមានលក្ខណៈសាមញ្ញ និងឈានឆ្ពោះទៅរកការកសាងឧស្សាហកម្មផលិតគ្រឿងបង្គុំ និងដំឡើងយានយន្តអគ្គិសនី ដែលមានតម្លៃបន្ថែមខ្ពស់។
![]()
ដើម្បីរួមចំណែកដល់ការកាត់បន្ថយថ្លៃដើមផលិត និងដំឡើង និងបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីក្នុងស្រុកឲ្យបានច្រើន ការបង្កើតជាចង្កោមឧស្សាហកម្ម ដែលប្រមូលផ្តុំនូវឧស្សាហកម្មផលិតគ្រឿងបង្គុំរហូតដល់ឧស្សាហកម្មដំឡើងយានយន្តអគ្គិសនីនៅក្នុងតំបន់តែមួយគឺមានភាពចាំបាច់ណាស់។
ជាមួយនឹងរោងចក្រដំឡើងរថយន្តនេះ កម្ពុជា ក៏កំពុងបង្កើននូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឲ្យកាន់តែច្រើនផងដែរ តាមរយៈការចូលរួមពីវិស័យឯកជន។ បន្ថែមលើសនេះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏មានគម្រោងធ្វើយ៉ាងណា ឲ្យក្នុង១ខេត្តនៃប្រទេសកម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីយ៉ាងហោចណាស់ ២ ទៅ ៣កន្លែង នៅអំឡុងដើមឆ្នាំ២០២៦ ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះ។

សូមជម្រាបថា តាមរយៈគោលនយោបាយនេះ គឺកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសរុប ៣ម៉ឺនគ្រឿង, ទោចក្រយានយន្តអគ្គិសនីសុទ្ធ ៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធ ២ម៉ឺនគ្រឿង។
ក្នុងពេលចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រផ្គុំដំឡើងរថយន្ត BYD កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕





















