លក់តែក្នុងប្រទេសចិនសោះអាចយកឈ្នះ Tesla Model 3 ក្លាយជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅលើពិភពលោកនៅដើមឆ្នាំ ២០២១

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ រថយន្តរបស់ចិនម៉ូឌែល Wuling Hong Guang Mini EV បានវ៉ាដាច់រថយន្ត Tesla Model 3 នៅក្នុងការលក់ បានក្លាយជារថយន្តលក់ដាច់ជាងគេបំផុតនៅលើពិភពលោក។

ជាក់ស្តែងបើយោងតាមកាសែត The Verge បានអោយដឹងថា Wuling បានលក់រថយន្ត Guang Mini EV បានជាង ៣៦,០០០ គ្រឿងនៅក្នុងខែមករា ដែលមានចំនួនច្រើនជាង Tesla Model 3 ចំនួន ២១,៥០០ គ្រឿង។ ហើយនៅខែកុម្ភះបន្តលក់បានរហូតដល់ ២០,០០០គ្រឿង ខណៈដែលក្រុមហ៊ុន Tesla លក់បានតែជិត ១៣,៧០០ គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hong Guang Mini EV គឺជាផលិតផលរបស់ក្រុមហ៊ុន SAIC Motor, ក្រុមហ៊ុន Wuling Motors និងក្រុមហ៊ុនសាជីវកម្មអាមេរិក General Motors ។ នៅក្នុងប្រទេសចិនការបណ្តាក់ទុនរួមគ្នានេះត្រូវបានគេស្គាល់ជាទូទៅថា Wuling ហើយរថយន្ត Hong Guang Mini EV គឺមានលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។

Hong Guang Mini EV ការរចនារាងការ៉េតូចស្រដៀងនឹងម៉ូដែលឡាន Kei ដែលជារថយន្តដ៏ពេញនិយមនៅជប៉ុន។ វាមានប្រវែង ២​ ៩២១មីល្លីម៉ែត្រ ទទឹង ១ ៤៩៩មីល្លីម៉ែត្រ កម្ពស់ ១ ៦២៦មីល្លីម៉ែត្រ ប្រវែងពីកង់មុខដល់កង់ក្រោយប្រវែង ១ ៩៤១មីល្លីម៉ែត្រ និងមានទំងន់ប្រហែល ៦៦៥ គីឡូក្រាម។

យោងតាមក្រុមហ៊ុនផលិតដែលបានប្រកាសថា Hong Guang Mini EV អាចធ្វើដំណើរបាន ១៧០ គីឡូម៉ែត្រពេលសាកថ្មពេញ និងមានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះបីជាវាមានទំហំតូចក៏ដោយរថយន្តនៅតែមានកៅអីគ្រប់គ្រាន់សម្រាប់មនុស្ស ៤ នាក់។

ចំណែកម៉ូដែល Tesla Model 3 ប្រភេទ base model វាអាចធ្វើដំណើរបានលើសពី ៤០០ គីឡូម៉ែត្រពេលសាកថ្មពេញ ហើយវាមានប្រវែង ៤​ ៦៩៩មីល្លីម៉ែត្រ ទទឹង ១ ៨៥៤មីល្លីម៉ែត្រ  កម្ពស់ ១ ៤៤៨មីល្លីម៉ែត្រ ប្រវែងពីកង់មុខដល់កង់ក្រោយប្រវែង ២៨៧០ មីល្លីម៉ែត្រ និងទម្ងន់ ១ ៥៨៧ គីឡូក្រាម។

បើប្រៀបធៀបតម្លៃរវាង Hong Guang Mini EV និងរថយន្ត Tesla Model 3 រថយន្ត Hong Guang Mini EV មានតម្លៃត្រឹមតែ ៤ ៥០០ដុល្លារប៉ុណ្ណោះ រីឯ Tesla Model 3 មានតម្លៃរហូតទៅដល់ ៤០ ០០០ដុល្លារ ដែលខុសគ្នាយ៉ាងច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម