លក់ឡានបានមួយគ្រឿង Ferrari ចំណេញលុយជាង ៩ម៉ឺនដុល្លារ

នៅ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Ferrari អាច​លក់​រថយន្ត​បាន​ ១០ ១៣១ គ្រឿង​នៅ​​ទូទាំង​ពិភពលោក​​ ហើយ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​មហាសាល​ពី​រថយន្ត​មួយ​គ្រឿង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​មួយ​​របស់ Fiat Group World។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​ប្រាក់​ចំណេញ​បាន​ពី​រថយន្ត​មួយ​គ្រឿង​គឺ​មាន​ប្រមាណ ៩៤ ៤៧៤ ដុល្លារ។ វា​ជា​ប្រាក់​ចំណេញ​ច្រើន​មហាសាល​មួយ ប៉ុន្តែ​តិច​ជាង​ឆ្នាំ​មុន​បន្តិច​បន្តួច​ដែល​មួយ​​គ្រឿងៗ Ferrari អាច​ចំណេញ​បាន​្ប្រមាណ ៩៤ ៩៤៧ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​របស់ Fiat Group World ក៏​បាន​ប្រៀប​ធៀប​អំពី​ប្រាក់​ចំណេញ​របស់ Ferrari ជា​មួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ដែរ។ ឧទាហរណ៍​ដូច​ជា BMW ត្រូវ​លក់​រថយន្ត​ឲ្យ​បាន ៣០ គ្រឿង ទើប​បាន​ប្រាក់​ចំណេញ​ស្មើ​រថយន្ត Ferrari មួយ​គ្រឿង។ ចំណែក Volkswagen ត្រូវ​លក់​រថយន្ត ៥៦ គ្រឿង, Mercedes ត្រូវ​លក់​រថយន្ត ៦៧ គ្រឿង, Ford ត្រូវ​លក់​រថយន្ត ៩០៨ គ្រឿង ហើយ​ Nissan ត្រូវ​លក់​រថយន្ត ៩២៨ គ្រឿង។

​​នៅ​ឆ្នាំ​ ២០១៩ វា​គឺ​ជា​ឆ្នាំ​ដំបូង​ដែល Ferrari អាច​លក់​រថយន្ត​បាន​លើស​ពី ១ម៉ឺន​គ្រឿង អាច​រក​ប្រាក់​ចំណូល​បាន​ ៣,៧៦៦ ពាន់​លាន​អឺរ៉ូ ដែល​កើន​ឡើង ១០,១% ធៀប​នឹង ២០១៨។ អឺរ៉ុប មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ជា​តំបន់​ដែល​លក់​បាន​ច្រើន​ជាង​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម