លុយខាប់! Ferrari ចែកប្រាក់រង្វាន់បុគ្គលិករហូតដល់ ១៣ ៧០០ដុល្លារ ក្នុងម្នាក់

[ទីផ្សារបរទេស] ២០២១គឺជាឆ្នាំដែល Ferrari ធ្វើបានល្អបំផុតលើការលក់ ដែលដូចនេះហើយទើបក្រុមហ៊ុនសម្រេចថាផ្ដល់ប្រាក់រង្វាន់ប្រចាំឆ្នាំ២០២១ជូនដល់បុគ្គលិកម្នាក់ៗ ដោយច្រើនបំផុតមានអ្នកបានរហូតដល់ប្រមាណ ១៣ ៧០០ដុល្លារ។

ការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាប្រាក់លើកទឹកចិត្តដល់បុគ្គលិកគឺបានភ្ជាប់ជាមួយកំណត់ត្រាលក់ដ៏អស្ចារ្យរបស់ Ferrari។ កាលពីឆ្នាំកន្លងទៅនេះ ម៉ាករថយន្តមួយនេះអាចលក់រថយន្តបានសរុប ១១ ១៥៥គ្រឿងនៅទូទាំងពិភពលោក កើនឡើង ២២,៣% ធៀបនឹងឆ្នាំ២០២០។ បន្ថែមពីនេះ ការលក់ក៏មានកំណើន ១០,១% ផងដែរ បើធៀបនឹងឆ្នាំ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari បានបង្ហាញឲ្យដឹងថាផងដែរថាការកុម្ម៉ង់ទិញរថយន្តពីសំណាក់អតិថិជន បានអូសបន្លាយរហូតដល់ឆ្នាំ២០២៣ ទើបអាចសម្រេចជូនរាល់ការកុម្ម៉ង់ទាំងអស់។ ជាមួយរថយន្ត SUV ដំបូងគ្រោងប្រកាសចេញឆ្នាំនេះ គេរំពឹងថាលទ្ធផលនៃការលក់សម្រាប់ឆ្នាំ​២០២២ នឹងកាន់តែល្អប្រសើរ។

រថយន្ត Ferrari ត្រូវប៉ាន់ខ្លាំងនៅតំបន់អឺរ៉ុប, មជ្ឈឹមបូព៌ា និងអាហ្រ្វិក ដែលមានរថយន្ត ៥ ៤៩២គ្រឿង បានលក់ចេញ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានចំនួនជិត ៣ពាន់គ្រឿង ខណៈដែលនៅចិន ហុងកុង និងតៃវ៉ាន់ លក់ចេញបាន ៨៩៩គ្រឿង កើនឡើង ៩៧%៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម