[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តចិន Xpeng បានធ្វើការចាប់ផ្តើមទទួលការកក់ជាផ្លូវការសម្រាប់រថយន្តអគ្គិសនីសុទ្ធ Xpeng P5 ប្រភេទ Sedan នៅក្នុងអឺរ៉ុបរួមមានប្រទេស ដាណឺម៉ាក មានតម្លៃចាប់ពី ៥៦ ៨២៣ ដុល្លារ, ហូឡង់មានតម្លៃចាប់ពី ៥២ ០៣៣ ដុល្លារ, ន័រវែសមានតម្លៃចាប់ពី ៤២ ៧១៧ ដុល្លារ និងស៊ុយអែតមានតម្លៃចាប់ពី ៥៧ ៨២៥ ដុល្លារ។
រថយន្តអគ្គិសនីសុទ្ធ Xpeng P5 បានដាក់លក់ក្នុងប្រទេសចិនមួយរយៈមកហើយឥឡូវនេះហើយមានបំពាក់នូវកញ្ចប់ថាអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង ម៉ូទ័រអគ្គិសនីចំនួនមួយដែលមានកម្លាំង ២១១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧,៥ វិនាទី អាចបើកបរបានចម្ងាយប្រហែល ៤៦៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មលឿនពី ១០% ដល់ ៨០% ត្រឹមរយៈពេល ៣៦ នាទីប៉ុណ្ណោះ។
ក្នុងចំណោមផ្នែកសំខាន់ៗនៃបច្ចេកវិទ្យាដែលមាននៅផ្នែខាងក្នុងរថយន្ត P5 មានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,៦ អ៊ីញ, បច្ចេកវិទ្យា over-the-air software, ដំបូលបើកបែប Panoramic sunroof, កៅអីមុខងារក្តៅ-ត្រជាក់មុខ-ក្រោយ កន្លែងសាកថ្មឥតខ្សែ ម៉ាស៊ីនត្រជាក់ពីរតំបន់ ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ជាដើម។
ម៉ូដែល P5 ទាំងអស់ដែលត្រូវលក់នៅអឺរ៉ុបមានស្តង់ដារជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ XPILOT 2.5 របស់ Xpeng ដែលមានរ៉ាដារចំនួន ៥, សេនស័រ ultrasonic ចំនួន ១២ កាមេរ៉ាបើកបរចំនួន ៤ និងកាមេរ៉ាកម្រិតខ្ពស់ចំនួនប្រាំបួនដើម្បីគាំទ្រដល់ការបើកបរ XPILOT និងប្រព័ន្ធសុវត្ថិភាព XPILOT រួមបញ្ចូលនូវ Adaptive Cruise Control, Lane Centering Control, Adaptive Turning Cruise, និង Active Lane Change។
គួរបញ្ជាក់ផងដែរថា ការកក់តាមអ៊ីនធឺណិតសម្រាប់រថយន្តអគ្គិសនីសុទ្ធ Xpeng P5 បានបើកនៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ ន័រវេស និងស៊ុយអែត ប៉ុន្តែនៅមិនទាន់ច្បាស់ថានៅពេលណាការដឹកជញ្ចូនដល់អតិថិជននឹងចាប់ផ្តើមនោះទេ៕