លើទឹកដីមួយនេះ Volkswagen វ៉ាដាច់ Tesla ផឹង!

ទិន្នន័យរបស់ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះថា Schmidt Automotive Research បានបង្ហាញថាក្រុមហ៊ុន Volkswagen មិនត្រឹមតែអាចលក់រថយន្តអគ្គិសនីបានច្រើនជាង Tesla ពីរដងនោះទេ ប៉ុន្តែក៏បានបង្ហាញថាក្រុមហ៊ុននេះកំពុងរីកចម្រើនខ្លាំងផងដែរ។

នៅទឹកដីអឺរ៉ុបក្នុងរយៈពេល ១២ខែចុងក្រោយនេះ (គិតចាប់ពីខែឧសភាឆ្នាំ២០២០ ដល់ ខែមេសាឆ្នាំ២០២១) រថយន្តអគ្គិសនីអាចលក់ចេញបានសរុប ៨៥៦ ០០០គ្រឿង។ ក្នុងនោះ Volkswagen លក់រថយន្តបាន ២០៦ ៤០០គ្រឿង ខណៈដែល Tesla ជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់អាមេរិកអាចលក់រថយន្តអគ្គិសនីនៅអឺរ៉ុបបាន ១០២ ៥០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែល Tesla មានលក់នៅអឺរ៉ុបបច្ចុប្បន្នគឺមានបីម៉ូដែល រួមមាន Model S, Model X និង Model 3។

ចំណែក Volkswagen បានប្រកាសចេញរថយន្តអគ្គិសនីថ្មីជាបន្តបន្ទាប់មានចាប់ពីម៉ូដែល e-Golf, e-Up, ID.3 និងរថយន្ត ID.4 ផងដែរ។ បន្ថែមពីនេះ ម៉ាករថយន្តដែលស្ថិតក្រោមសម្ព័ន្ធ Volkswagen ក៏មានរថយន្តអគ្គិសនីផ្ទាល់ខ្លួនផងដែរដូចជាក្រុមហ៊ុន Skoda មានរថយន្ត Enyaq SUV, Seat មានរថយន្ត Cupra Born, Porsche មានរថយន្ត Taycan និង Audi មានរថយន្ត e-tron Coupe ជាមួយ e-tron GT។

គួរដឹងថា Volkswagen ក៏មានកាន់កាប់ចំណែកទីផ្សារអគ្គិសនីនៅអឺរ៉ុបបាន ២៤,៥% ផងដែរនៅរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Stellantis កាន់កាប់ចំណែក ១៧,១% ហើយក្រុមហ៊ុន Renault/Nissan កាន់កាប់ ១២,៥% ខណៈដែល Tesla កាន់កាប់ ១១,៩% និង Hyundai/Kia កាន់កាប់ ១១,៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម