លេចចេញរូបរាង Genesis G80 Sport ឆ្នាំ២០២១ មុនថ្ងៃប្រកាសផ្លូវការ

រថយន្ត Genesis G80 Sport ស៊េរីឆ្នាំ២០២១ បានលេចចេញរូបរាង មុនថ្ងៃប្រកាសចេញជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាងកាន់តែទាក់ទាញ ជាងម៉ូដែលធម្មតា។

ចាប់តាំងពីរថយន្ត G80 ជំនាន់ចុងក្រោយត្រូវបានដាក់បង្ហាញ ពាក្យចចាមអារ៉ាមអះអាងថា Genesis នឹងចេញម៉ូដែល G80 Sport មួយទៀត ហើយឥឡូវនេះវាជាការពិតមែន។ ថ្វីបើក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងលើមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីដំណើរការរបស់វា រូបថតជាច្រើនសន្លឹកបានបង្ហាញឲ្យឃើញពីលក្ខណៈមួយចំនួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងមុខ G80 Sport មានបំពាក់ប៉ាណា ជាប្រភេទក្រូមេពណ៌ខ្មៅរលោង ហើយក៏បំពាក់កាងថ្មីខុសពីម៉ូដែលធម្មតាដែរ ដែលមើលទៅរាងមុតស្រួចជាងមុន ហើយក៏កាចជាងមុនដែរ។ បន្ថែមពីនេះទៅទៀត រថយន្តនេះប្រើយ៉ាន់ Alloy ទំហំ ២០អ៊ីញ ដែលមានដុំហ្វ្រាំងពណ៌ខ្មៅ និងក្រហមទៀតផង។

យ៉ាងណាក៏ដោយ ការឌីហ្សាញនៅផ្នែកខាងក្រោយ គឺមិនសូវជាខុសប្លែកគ្នាប៉ុន្មានឡើយពីម៉ូដែលធម្មតា ក្រាន់តែមានកាងថ្មីប៉ុណ្ណោះ។ ទោះជាយ៉ាងណា អតិថិជនដែលចង់ទិញ G80 Sport នឹងអាចជ្រើសរើសពណ៌ថ្មី គឺ Cavendish Red។

ក្រៅពីនោះ កាប៊ីនខាងក្នុងរបស់ G80 Sport ឆ្នាំ២០២១ នៅតែដូចដើមដដែល ប៉ុន្តែផ្តល់ជម្រើសពណ៌ ៣ គឺ ពណ៌ខ្មៅជាមួយថ្នេរដេរពណ៌ប្រផេះ ឬក្រហម។ Genesis ក៏មិនបានបញ្ជាក់ដែរថា G80 Sport នឹងផ្តល់ជម្រើសម៉ាស៊ីនបែបណា ប៉ុន្តែវានឹងប្រើប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម