លេចធ្លាយរូបភាពរបស់រថយន្ត BYD Tang L មុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ជាមួយភាសារចនាថ្មីចុងក្រោយបង្អស់!

រថយន្ត BYD Tang L ដែលជារថយន្តចុងក្រោយបំផុតនៃត្រកូលរាជវង្សរបស់ BYD ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ក្នុងឆ្នាំ២០២៥ នេះ នៅក្នុងទីផ្សារប្រទេសចិន។

ថ្មីៗនេះ វាត្រូវបានគេប្រទះឃើញនៅលើផ្លូវហាយវ៉េ ជាមួយនឹងភាសារចនា “Dragon Face” របស់ BYD ដោយផ្តល់នូវរូបរាងប្លែកបើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយគឺបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជាលើកដំបូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV នេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 របស់ BYD សម្រាប់វ៉ារ្យ៉ង់ EV ហើយរួមបញ្ចូលបច្ចេកវិទ្យា DM 5.0 នៅក្នុងម៉ូដែល PHEV ។ វាមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៧៦០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម និងទម្ងន់ពី ២ ៦៧៥ ទៅ ២ ៩៦៧ គីឡូក្រាម ហើយសមត្ថភាពអូសសណ្តោងរបស់វាគឺ ២ ០០០គីឡូក្រាម។ លក្ខណៈពិសេសផ្សេងទៀតរួមមានរ៉ាដាលើដំបូល កាមេរ៉ានៅផ្នែកខាងក្រោង និងថាសកង់ទំហំ ២០ និង ២១អ៊ីញ។

ចំណែកផ្ទៃខាងក្នុងវិញ Tang L ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវកាប៊ីនដ៏ធំទូលាយ និងប្រណិត ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៧នាក់។ វា​នឹង​រួម​បញ្ចូល​ទាំង​អេក្រង់​បញ្ជា​កណ្តាលទំហំធំ ដៃ​ចង្កូត​រាង​អក្សរ D និង​កុងសូល​កណ្តាល​ដែល​មាន​ការ​សាក​ថ្ម​ឥត​ខ្សែ និងកន្លែងដាក់​ពែង។​ គួរឲដឹងថា វ៉ារ្យ៉ង់ EV ទទួលបានជម្រើសចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ៦៧១សេះ
  • ម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបាន ៣០៨ និង ៧៧៨សេះ

ខណៈម៉ូដែល PHEV វិញ គឺប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ២៦៨សេះ ឬម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបានដល់ ៥៣៦សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១៣៥, ១៥០ និង ១៦៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម