លេចធ្លាយរូបភាពដំបូងរបស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning កំពុងធ្វើការដឹងជញ្ចូនទៅកាន់អ្នកចែកចាយនៅក្នុង​សហរដ្ឋ​អា​មេ​រិ​ច

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ រូបភាពដឹកជញ្ជូនដំបូងបង្អស់របស់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ត្រូវបានលេចធ្លាយ ដែលជារូបភាពលើកដំបូងនៃរថយន្តកំពុងធ្វើការដឹងជញ្ចូនទៅកាន់អ្នកចែកចាយនៅក្នុង​សហរដ្ឋ​អា​មេ​រិ​ច។

គួរឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន Ford បានដាក់បង្ហាញ F-150 Lightning ក្នុងខែឧសភា ឆ្នាំ ២០២១ មនុស្សបានរង់ចាំការចែកចាយ ហើយការផលិតជាផ្លូវការបានចាប់ផ្តើមកាលពីចុងខែមុន។ ដោយបច្ចុប្បន្ន F-150 Lightnings កំពុងធ្វើការដឹកជញ្ជូនទៅកាន់អ្នកចែកចាយពីមជ្ឈមណ្ឌលរថយន្ត Rouge Electric Vehicle (REVC) នៅ Dearborn រដ្ឋ Michigan ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ លោក Jim Farley នាយកប្រតិបត្តិនៃក្រុមហ៊ុន Ford Motor បានធ្វើឲ្យការរង់ចាំក្លាយជាការពិត ពួកគេបានបង្ហាញវីដេអូអំពីការដឹកជញ្ជូនរថយន្តភីកអាប់អគ្គិសនីនៅលើរថយន្តដឹកជញ្ចូន ដែលធ្វើដំណើរទៅកាន់អាគារតាំងបង្ហាញ ដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍ជាក់ស្តែង ហើយក៏ជាការដឹកជញ្ជូនលើកដំបូងដល់អតិថិជនផងដែរ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Ford ត្រូវចំណាយពេលមួយឆ្នាំ រហូតដល់ការចែកចាយដំបូងដល់អតិថិជន។ ដែលជាពេលវេលាលឿនមួយសម្រាប់ការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ជាពិសេសរថយន្តអគ្គិសនីនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះខាតនបន្ទះឈីប និងតម្លៃនៃគ្រឿងបរិក្ខាខ្ពស់។

គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ស៊េរីឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក បានបិទការបញ្ជាទិញ ជាមួយនឹងការទទួលបានការកក់រថយន្តទុកមុនច្រើនជាង ២០០ ០០០ គ្រឿង។

សម្រាប់រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ភ្ជាប់មកជាមួយថាមពលដ៏ខ្លាំង និងមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Pro trim, XLT, Lariat, Platinum ជាមួយនឹងតម្លៃចន្លោះពី ៤១ ៧៦៩ ដុល្លារ ដល់ ៩២ ៦៦៩ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម