[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 7 ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺអាចតម្លៃលក់ខ្ទង់ ៥៨ ៨០០ ដុល្លារ។
រថយន្ត BYD Sealion 7 ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ទំហំ ៥០អ៊ីញ បាសសម្លេងចំនួន ១២ចំនុច ដំបូល panoramic glass roof រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕