តម្លៃភាគហ៊ុនរបស់ Kia ដែលជាក្រុមហ៊ុនសាខារបស់ Hyundai បានឡើងដល់ចំណុចខ្ពស់បំផុតមួយមិនធ្លាប់មានតាំងពីឆ្នាំ ១៩៩៨ មក ក្រោយពីលេចចេញដំណឹងថា Apple គ្រោងនឹងចុះកិច្ចព្រមព្រៀងទំហំធំមួយជាមួយ Kia ដើម្បីផលិតរថយន្តអគ្គិសនី។
ការវិនិយោគរបស់ Apple មកលើ Kia ត្រូវបានគេរាយការណ៍ថាមានទំហំជាទឹកប្រាក់ដល់ ៣,៦ពាន់លានដុល្លារ ដើម្បីឲ្យ Kia ផលិតរថយន្តម៉ាក Apple នៅរោងចក្រដែលមានទីតាំងនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។ កាលបរិច្ឆេទថ្ងៃទី១៧ ខែកុម្ភៈ ត្រូវបានកំណត់យកជាថ្ងៃចុះកិច្ចព្រមព្រៀង ដោយរថយន្តដំបូងរបស់ Apple អាចនឹងរំកិលខ្លួនចេញពីរោងចក្រនៅក្នុងឆ្នាំ ២០២៤។
ប៉ុន្តែដំណឹងដែលចេញផ្សាយលើវិបសាយ DongA.com មួយនេះមិនមានដកស្រង់សំដីពីប្រភពណាមួយនោះទេ ខណៈដែលខាងក្រុមហ៊ុន Kia និង Apple សុទ្ធតែមិនបានឆ្លើយតបទាក់ទងនឹងដំណឹងនេះ។ យ៉ាងណាក្ដីក្រុមហ៊ុនមេរបស់ Kia គឺ Hyundai នាពេលកន្លងទៅថ្មីៗនេះធ្លាប់បាននិយាយថាពួកគេកំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Apple។
គួរដឹងថា Apple ដែលគេស្គាល់ថាតែងតែរក្សាការសម្ងាត់បានយ៉ាងល្អអំពីគម្រោងការអនាគតរបស់ខ្លួន ធ្លាប់មានការលេចលឺអំពីផែនការផលិតរថយន្តចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕