លេចឭដំណឹងតម្លៃ Land Cruiser ឆ្នាំ២០២២ នៅប្រទេសជិតខាងកម្ពុជា តម្លៃចាប់ពីខ្ទង់ ២៦ម៉ឺនដុល្លារឡើង

រថយន្ត Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនជាមួយរូបរាងថ្មីសន្លាងរបស់វា ហើយសេដ្ឋីៗនៅប្រទេសវៀតណាមក៏ចាប់អារម្មណ៍ចំពោះរថយន្តនេះមិនស្ទើរផងដែរ។ កាលពីថ្មីៗនេះដែរ មានក្រុមហ៊ុននាំចូលឯកជនមួយបានប្រកាសអំពីការនាំចូលរថយន្តជំនាន់ថ្មីនេះទៅកាន់ទីផ្សារប្រទេសវៀតណាម។

តម្លៃលក់ផ្លូវការរបស់ Toyota Land Cruiser ស៊េរីថ្មីនេះនៅមិនទាន់មានការប្រកាសនៅឡើយទេ ហើយនៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ ទើបរថយន្តនេះចាប់ផ្ដើមចែកចាយលក់លើទីផ្សារនានា។ យ៉ាងណាក្ដីបើតាមក្រុមហ៊ុនឯកជននៅវៀតណាម បានរំពឹងថារថយន្តនេះនឹងត្រូវដាក់លក់តម្លៃប្រហែល ៦ ទៅ ៧ ពាន់លានដុង (ប្រមាណ ២៦ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លារ) នៅប្រទេសវៀតណាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Cruiser ស៊េរីថ្មីនេះរំពឹងថានឹងមានលក់នៅវៀតណាមតាមរយៈការនាំចូលឯកជននៅត្រឹមដំណាច់ឆ្នាំ២០២១នេះផងដែរ។ ប្រភពជាច្រើននៅវៀតណាមក៏បានរំពឹងដែរថាការនាំចូលពីក្រុមហ៊ុនផ្លូវការអាចនឹងធ្វើឡើងនៅត្រឹមដំណាច់ឆ្នាំនេះដូចគ្នា។

គួរដឹងថារថយន្ត Land Cruiser ជំនាន់ថ្មីនឹងមានលក់ជាមួយប្រភេទម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ដែលផលិតកម្លាំងបាន ៤០៩សេះ ហើយក៏មានជម្រើសម៉ាស៊ីន Twin-Turbo ម៉ាស៊ូតដែលផលិតកម្លាំងបាន ៣០៥សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម